ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំ ប្រកាសសមាសភាពក្រុមការងារចំពោះកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom Platform។

សមាសភាពក្រុមការងារចំពោះកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាព សហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរីដែលត្រូវបាន រាជរដ្ឋាភិបាលសម្រេចបង្កើត និងប្រកាសនាពេលនេះ មាន១៣រូប ដោយ លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ជាប្រធាន និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធានប្រចាំការ ព្រមទាំងសមាសភាព១១រូបទៀត ជាសមាជិកដែលមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

ក្រុមការងារនេះមានតួនាទី ភារកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាព សហគមន៍ជនជាតិដើមភាគតិច, ពិនិត្យវិសាលភាពនៃការសិក្សា ស្រាវជ្រាវ ស្វែងយល់ស្ថានភាពការចុះបញ្ជី ដីសមូហភាពដើម្បីកំណត់មុខសញ្ញា តំបន់ភូមិសាស្រ្តដែលត្រូវចុះសិក្សា, ធ្វើបច្ចុប្បន្នភាពលើប្រភេទដីសហគមន៍ នៃការគ្រប់គ្រងដីសមូហភាព របស់សហគមន៍ជនជាតិដើមភាគតិច, សិក្សាពីបញ្ហាប្រឈមនានា, ធ្វើការពិគ្រោះយោបល់ ទំនាក់ទំនង សម្របសម្រួល និងសហប្រតិបត្តិការជាមួយបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ឋ អង្គការដៃគូដើម្បីប្រមូលព័ត៌មាន របាយការណ៍ នានាតាមការចាំបាច់ ព្រមទាំងទទួលភារកិច្ចផ្សេងៗ ទៀតតាមការប្រគល់ជូនពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច សំដៅរក្សា ការពារវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ល្អរបស់ជនជាតិដើមភាគតិច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច មានគោលបំណង ការពារសុវត្ថិភាពដីធ្លី សម្រាប់ប្រើប្រាស់ជាប្រយោជន៍សហគមន៍ ព្រមទាំងទប់ស្កាត់ភាពអាណាធិបតេយ្យ ក្នុងការចូលកាន់កាប់ទន្ទ្រានដីព្រៃ និងដីសាធារណៈរបស់រដ្ឋ ៕

