ព័ត៌មានជាតិ

បុរសបែកថ្នាំម្នាក់ សម្រុកផ្លោះរបងចូលក្នុងបរិវេណ មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ (វិដេអូ)

នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិតរហូតបាត់បង់ស្មារតី (បែកថ្នាំ) បានសម្រុកផ្លោះរបងចូលក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យដែលប្រចាំការ ក្នុងមណ្ឌល រហូតដល់ កម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅទីតាំងនោះផ្ទាល់ នាំគ្នាដេញចាប់បុរសរូបនោះ រហូតបានសម្រេច។

ប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសម័យកូវីដ-១៩ ពិតជាមានការលំបាកណាស់ ព្រោះសមត្ថកិច្ចមិនអាចស្មានដឹងថា ជនណាម្នាក់មានផ្ទុកជំងឺកូវីដនោះឡើយ ហេតុដូច្នេះហើយដើម្បីសុវត្ថិភាពដល់កងកម្លាំង ដែលអាចប្រឈមជាមួយការឆ្លងមេរោគគ្រប់ជំហាន មុនពេលចូលចាប់ជនណាម្នាក់ អាវុធហត្ថរាជធានីភ្នំពេញត្រូវស្លៀកសម្លៀកបំពាក់ការពារមេរោគផង ពាក់កំបាំងមុខផង ពាក់ម៉ាសផង ពាក់ស្រោមដៃផង និងត្រូវប្រើសម្ភារៈជំនួយក្នុងការចាប់ផងទើបហ៊ានចូលចាប់ជនទាំងនោះ។ ចំណែកសម្លៀកបំពាក់ការពារមេរោគដែលបានប្រើរួចហើយ មិនអាចប្រើម្តងទៀតបានទេគឺត្រូវតែបោះចោល ដែលជាផលវិបាក មួយផ្នែកបន្ថែមទៀត។

ជាក់ស្តែងដូចបុរសបែកថ្នាំខាងលើ ដែលមានឈ្មោះ វ៉ា អាយុ៣១ឆ្នាំ អាស័យដ្ឋានរស់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងគ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ដោយប្រុងប្រយ័ត្ន និងបានពិនិត្យ សំណាកឃើញថា ពុំមានសញ្ញាណវិជ្ជមានកូវីដ-១៩ ក៏បានបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន ឱកាសខ្ញុំ តាមការណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញតែម្តង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×