កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យថែរក្សាសុខភាពជាចម្បង ដើម្បីឆ្លងផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។
លោកអភិបាលខេត្ត បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម ខណ:ពេល ចូលរួមផ្ដល់អំណោយ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៥០ គ្រួសារ ជាអំណោយបានមកពី សប្បុរសជននៅប្រទេសអូស្ត្រាលី នាំមកផ្តល់ជូន ដោយសមាគមន៍ធម្មកថិក ព្រះសង្ឃកម្ពុជា ដែលមានព្រះអង្គគ្រូ វិជរប្បញ្ញោ សាន សុជា ជាប្រធាន ។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សមាគមធម្មកថិក ព្រះសង្ឃកម្ពុជា ដែលមានព្រះអង្គ វិជរប្បញ្ញោ សាន សុជា ជាប្រធាន បានខិតខំចលនា ដល់សប្បុរសជន នៅក្រៅប្រទេស ដើម្បីបានជាអំណោយ យកមកផ្ដល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩ នាពេលនេះ ។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ ថែរក្សាសុខភាពជាចម្បង ដើម្បីឆ្លងផុត ពីការរាលដាលជំងឺឆ្លងកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ដោយត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ។
លោកអភិបាលខេត្ត ក៏បានឲ្យដឹងផងដែរថា មកដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមាន កូវីដ-១៩ លើប្រជាពលរដ្ឋចំនួនសរុប ២៥៥នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ បានត្រឡប់ទៅផ្ទះវិញប្រមាណជាង ១០០នាក់ និងដល់ជាង ១០០នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម ។
សូមបញ្ជាក់ផងដែរថា អំណោយដែលសមាគមធម្មកថិក ព្រះសង្ឃកម្ពុជា បានផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១៥០ គ្រួសារ ក្នុងនោះក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គីឡូ , មី ១ កេស , ត្រីខកំប៉ុង ១យួរ , ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១ យួរ , ប្រេងឆា ១លីត្រ , អំបិល ១គីឡូក្រាម , ប៊ីចេងកន្លះគីឡូ , ខ្ទឹមសរ កន្លះគីឡូ , និងថវិកា ៤០.០០០រៀល៕