Covid-19

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យអាជ្ញាធរក្រុង-ស្រុកពង្រីកមណ្ឌលចត្តាឡីស័ក ក្រោយមានការកើនឡើង អ្នកវិជ្ជមានកូវីដ-១៩

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដាន បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័ក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹង កំណើនកើនឡើងនៃអ្មកឆ្លង និងអ្នកពាក់ព័ន្ធជាមួយ អ្នកផ្ទុកជម្ងឺកូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភ ។

លោកអភិបាលខេត្តបាន ថ្លែងណែនាំដូច្នេះនារសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នៅសាលាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត ក៏បានឲ្យដឹងផងដែរថា ខេត្តកំពង់ចាមបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៥ នាក់ ដែលបានឆ្លងកាលពីថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២១ ។ នេះគឺជាចំនួនឆ្លង ច្រើនជាងគេសម្រាប់ខេត្តកំពង់ចាម ដែលមិនធ្លាប់មាន ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្តបានចាត់តាំងឲ្យគណៈអភិបាលរងខេត្ត ចុះពិនិត្យមើលតាមបណ្ដារ ស្រុកមួយចំនួន ដែលជាតំបន់មានការពាក់ព័ន្ធទៅនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ដើម្បីពិនិត្យមើលទីកន្លែងសម្រាប់ពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម ដោយសារតែមានអ្នកឆ្លងជំងឺកូវីដ-១៩ រកឃើញជាបន្តបន្ទាប់មកនេះ ។

លោកអភិបាលខេត្តក៏បានរំលឹកផងដែរថា គិតត្រឹមថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋចំនួនសរុប ចំនួន ២៥៥នាក់ ក្នុងនោះ មានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញ ប្រមាណជាង ១០០នាក់ និងសល់ជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ។

To Top