នយោបាយ

សម្ដេចតេជោ ៖ ដើម្បីកុំឲ្យ របបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ ចូលរួមថែរក្សា ការពារសន្តិភាព ឱ្យបានគង់វង្ស

ភ្នំពេញ ៖ ក្នុងថ្ងៃទិវាជាតិ នៃការចងចាំ ២០ ឧសភានេះ ក្នុងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវចូលរួមថែរក្សា ការពារសុខសន្តិភាព ឲ្យបានគង់វង្ស ដើម្បីកុំឲ្យ របបប្រល័យ ពូជសាសន៍វិល ត្រឡប់មកវិញ ខណៈប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើង សង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅ របស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យ ធ្វើការ ដូចសត្វធាតុជាដើម ។

តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ” ថ្ងៃនេះជាថ្ងៃទិវាជាតិ នៃការចងចាំ២០ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជា គ្រប់ៗរូបចងចាំមិនអាច បំភ្លេចបាន ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ” ។

សម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញ ពីទីលំនៅ របស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យ ធ្វើការដូចសត្វធាតុជាដើម ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារ បរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើត របស់មនុស្សក៏គ្មានដែរ ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា “ដើម្បីកុំអោយរបបនេះវិល ត្រឡប់មកវិញ ចូលរួមថែរក្សា ការពារសន្តិភាព ឱ្យបានគង់វង្ស ពី ព្រោះសន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និង ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត”

To Top