ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ស្នើអាជ្ញាធរ ឃ្លាំមើលនៅតាមមូលដ្ឋាន ឲ្យបានតឹងរឹង ដើម្បីទប់ស្កាត់ ការរំលោភ ទ្រព្យសម្បត្តិជាតិ ពីជនទុច្ចរិត (Video)

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានស្នើដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជួយឃ្លាំមើល នៅ តាមមូលដ្ឋាន ឲ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការរំលោភ ទ្រព្យសម្បត្តិជាតិ ពីជនទុច្ចរិតមួយចំនួន និងពីឧកញ៉ាទុច្ចរិត ដែលសហការជាមួយអ្នកមាន អំណាច រំលោភយកទ្រព្យសម្បត្តិ ពលរដ្ឋនិងទ្រព្យសម្បត្តិជាតិខ្មែរ ។

សំណើររបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងស្របពេលដែលប្រទេសជាតិ កំពុង ជួបវិបត្តិមេរោគCOVID-19 វាយលុកស្រាប់តែមានជនទុច្ចរិតមួយចំនួន ឃុបឃិតគ្នារំលោភយក ទ្រព្យសម្បត្តិ ពលរដ្ឋនិងទ្រព្យសម្បត្តិជាតិ ខ្មែរជាបន្តបន្ទាប់ ខណៈអាជ្ញាធរហាក់ គ្មានវិធានការចុះបង្រ្កាប ឲ្យបានទាន់ពេលវេលា សោះឡើយ ។

ជាក់់ស្ដែងមួយ រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានក្រុមទុច្ចរិតមួយចំនួន ហ៊ានធ្វើសកម្មភាព ចាក់ដីរំលោភយកចំណីឆ្នេរសមុទ្រ នៅឯទឹកដីខេត្តព្រះសីហនុ និងខេត្តកោះកុង ព្រមទាំងមានជនឆ្លៀតឱកាស លបលួចកាប់ទន្ទ្រានដីព្រៃលិចទឹក ដែលជាសម្បត្តិសាធារណៈនិង ជាជម្រកត្រីពងកូនយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានញញើតសោះឡើយ ។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២០ ឧសភា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ ថា “ប្រទេសជាតិកំពុង ជួបវិបត្តិមេរោគCOVID-19 វាយលុកខ្ញុំ ពេជ្រ ស្រស់ សូមស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយឃ្លាំមើល នៅតាមមូលដ្ឋាន ឲ្យបានតឹងរឹង ដើម្បីទប់ ស្កាត់ការ រំលោភទ្រព្យសម្បត្តិ ជាតិពីជនទុច្ចរិតមួយចំនួន និងពីឧកញ៉ាទុច្ចរិត ដែលសហការជា មួយអ្នកមានអំណាច ទុច្ចរិតមួយចំនួនក្នុងការរំលោភយកទ្រព្យសម្បត្តិ ពលរដ្ឋនិងទ្រព្យសម្បត្តិជាតិ ខ្មែរយើង” ៕

To Top