នយោបាយ

លោក អ៊ាប សេង៖ លោក សម រង្ស៊ី បង្កើតព្រឹត្តិការណ៍លក់នាឡិកា ដើរដល់ផ្លូវទាល់ច្រក និងជាយុទ្ធសាស្រ្តត្រឡប់ត្រឡិន (Video)

ភ្នំពេញ៖ អនុប្រធានប្រតិបត្តិ នៃចលនានិស្សិតដើម្បីប្រជាធិបតេយ្យ នៅក្រៅប្រទេស លោក អ៊ាប សេង បានលើកឡើងថា លោក សម រង្ស៊ីនិងក្រុមលោកបង្កើត ព្រឹត្តិការណ៍លក់ប័ណ្ណនាឡិកា ៥ដុល្លារ បានដើរដល់ផ្លូវទាល់ច្រកហើយ ហើយលោកក៏បានហៅថា នេះជាយុទ្ធសាស្រ្តត្រឡប់ត្រឡិន ។

តាមរយៈកិច្ចសំភាសន៍ជាមួយ សារព័ត៌មានខេមបូឌាដេលី នាថ្ងៃ១៨ ឧសភា លោក អ៊ាប សេងបានថ្លែងថា “យុទ្ធសាស្រ្តរបស់លោក សម រង្ស៊ី នៅក្រៅប្រទេសនេះ បានដើរចំណុចមួយទាល់ច្រកហើយ គ្មានអ្វីធ្វើ ទើបបង្កើតទៅជាព្រឹត្តិការណ៍ លក់ប័ណ្ណនាឡិកាតម្លៃ ៥ដុល្លារ ធ្វើឲ្យស្មុគស្មាញហើយយកលេស ទៅជួយពលរដ្ឋជួបការលំបាក ក្នុងសម័យកូវីដនៅកម្ពុជា” ។

លោកបានលើកជាសំណួរថា តើបានថវិកាហើយជួយតាមច្រកណា? តើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបើកផ្លូវឲ្យទៅជួយឬអត់? លោកថា បើចង់ជួយប្រជាពលរដ្ឋខ្មែរ ប្រាកដមែនគឺអាចរៃអង្គាសពី ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ហើយផ្ញើមកលោក កឹម សុខាបានដោយសារលោក កឹម សុខានៅក្នុងប្រទេសស្រាប់ ដោយមិនបាច់ទៅបង្កើតព្រឹត្តិការណ៍ លក់នាឡិកានាំឲ្យស្មុគស្មាញ ព្រោះលោក សម រង្ស៊ីបានប្រកាសថា សម រង្ស៊ី-កឹម សុខាជាមនុស្សតែមួយ ដូច្នេះធ្វើបែបនេះទៅទើបបង្ហាញ ឲ្យអ្នកគាំទ្រមានទំនុកចិត្តថា មិនបែកបាក់គ្នា ។

ជាមួយគ្នានេះលោក អ៊ាប សេង បានលើកជាចំងល់ចំពោះលោក សម រង្ស៊ីទៀតថា កាលពីលោក កឹម សុខា ចុះចែកអំណោយឲ្យពលរដ្ឋរងគ្រោះ ដោយទឹកជំនន់បានរិះគន់វាយប្រហារ ដល់ឥឡូវនេះ លោក សម រង្ស៊ីខ្លួនឯងបានធ្វើមកប្រមូល ថវិកាជួយពលរដ្ឋទៅវិញ ។

លោកជឿថា ការលក់ប័ណ្ណនេះធ្វើឲ្យស្មុគស្មាញ ពិបាកគ្រប់គ្រង ចំណាយពេលវេលា និងធនធានមនុស្សផងដែរ។

លោក អ៊ាប សេង សង្កត់ធ្ងន់ថា “អារឿងលក់ប័ណ្ណនាឡកាជារឿងលេងសើចទេ ព្រោះខ្ញុំយល់ឃើញថា ក្នុងនាមជាអ្នកដឹកនាំនយោបាយកំពូល និយាយរឿងនាឡិកា ៥ដុល្លារអ្នកក៏ធ្វើបានដែរ ខ្ញុំក៏ធ្វើបានដែរ” ។

លោកបញ្ជាក់ទៀតថា “ក្រុមលោកសម រង្ស៊ីបានធ្វើសកម្មភាពកន្លងមក មានភាពមិនប្រក្រតីរឿង លុយកាកដែលជាជំនួយ ដូចជារឿងបង្កើតទូរទស្សន៍ ព្រះអាទិត្យជាង ១លានដុល្លារ ចំណាយចំណូលនៅណាមាន បង្ហាញតម្លាភាពឲ្យពលរដ្ឋបានដឹងទេថា សល់ប៉ុន្មានៗ។ រឿង៩វិច្ឆិកាក៏ចឹងដែរ ប្រមូលបានជាង ៣០ម៉ឺនដុល្លារ ដើម្បីធ្វើគម្រោងមាតុភូមិនិវត្តន៍ ដល់គម្រោងនេះ រលាយរលត់តើលុយហ្នឹងបាត់ទៅណា”។

លោកថា នេះមិនទាន់ទាំងរាប់បញ្ចូល អ្នកនៅតៃវ៉ាន់ជួយ ៥លានដុល្លារក្នុងពេលនៅគណបក្សសម រង្ស៊ីដើម្បីទ្រទ្រង់ដល់ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជាមុន មករួមគ្នាបង្កើតគណបក្សសង្រ្គោះជាតិ។

ដូចការរាប់របស់លោកនេះ លោក អ៊ាប សេង បានហៅយុទ្ធសាស្រ្តរបស់ក្រុមលោក សម រង្ស៊ី ត្រឡប់ត្រឡិន ដូចទូកខ្លីក្តោងខ្ពស់ដល់ពេលត្រូវខ្យល់ វិលវល់មិនដឹងទៅខាងណាខាងណី ម្តងលិច ម្តងកើត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ឧសភាលោក សម រង្ស៊ីបានប្រកាសបើកលក់ប័ណ្ណនាឡិកាក្នុងតម្លៃ ៥ ដុល្លារ១សន្លឹក ដើម្បីរួមចំណែកប្រមូលថវិកាពីការលក់ប័ណ្ណនេះ ជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការលំបាកក្នុងអំឡុង ពេលវិបត្តិជំងឺកូវីដ១៩។ ក្រោយការប្រកាសមានអ្នកនយោបាយ និងអ្នកវិភាគលើកឡើងថា លោក សម រង្ស៊ីបង្កើតព្រឹត្តិការណ៍នេះមកដើម្បីតែ ផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមរបស់លោកប៉ុណ្ណោះ ៕

To Top