នយោបាយ

កម្ពុជា​ នឹងគ្រោងដាក់ចេញផែនការ ស្ដារសេដ្ឋកិច្ចឡើងវិញ នៅឆ្នាំ២០២១ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងសន្និសីទអន្ដរជាតិលើកទី២៦ ស្ដីពី «អនាគតរបស់អាស៊ី» បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ចេញនូវ ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយចប់វិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ខាងមុខនេះ ក្នុងគោលបំណង អូសទាញកំណើនសេដ្ឋកិច្ច ឲ្យត្រឡប់ទៅខិតជិតកំណើន សក្កានុពលប្រកប ដោយចីរភាព និងបរិយាបន្នកម្ម ។

ក្នុងសន្និសីទអន្ដរជាតិលើកទី២៦ ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដ ៖ តួនាទីរបស់អាស៊ី ក្នុងការស្ការពិភពលោកឡើងវិញ» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅសំដៅ កសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅ នឹងវិបត្តិនាពេលអនាគត ។

សម្ដេចតេជោ បញ្ជាក់ថា « រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយគ្រោងនឹងដាក់ចេញនូវ ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណង អូសទាញកំណើនសេដ្ឋកិច្ចឲ្យត្រឡប់ទៅខិត ជិតកំណើនសក្ដានុពល ប្រកបដោយចីរភាព និងបរិយាបន្នកម្ម តាមរយៈការធានារក្សានូវសន្ដិភាព សន្ដិសុខ ស្ថិរភាព សង្គម និងសណ្ដាប់ធ្នាប់ សាធារណៈលើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងការលើកកម្ពស់ ភាពប្រកួតប្រជែង និងជំរុញការ ធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេស មូលដ្ឋានឧស្សាហកម្មរឹងមាំដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំង ក្លាជាមួយ ច្រវាក់ផ្ដគ់ផ្គង់តំបន់ និងពិភពលោក»។

សម្ដេចតេជោលើកឡើងទៀតថា លើមូលដ្ឋានទាំងនេះ កម្ពុជានឹងផ្ដល់ អាទិភាព ដូចជា ៖ ទី១-ស្ដារឡើងវិញ ដោយកសាងមូលដ្ឋាន រឹងមាំសម្រាប់សេដ្ឋកិច្ចវិល ទៅមាគ៌ានៃកំណើនឡើងវិញ ដោយផ្ដោតលើកការធានាសុវត្ថិភាព , ការគ្រប់គ្រងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស , ទី២-កែទម្រង់ ដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ ជារចនាសម្ព័ន្ធ, ការវិនិយោគ និងធុរកិច្ច , និងការជំរុញ និងការអភិវឌ្ឍ ឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងវិស័យឯកជន និងទី៣- កសាងភាពធន់ ដោយពង្រឹងការត្រៀមខ្លួន និង ការឆ្លើយតបទៅនឹងជំងឺឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេល អនាគត ដោយផ្តោតលើការអភិវឌ្ឍ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារ សង្គមដែលរឹងមាំ៕

To Top