ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកម្លាំងនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន១៤៥នាក់ ដែលបានវិលត្រឡប់មកពីបំពេញបេសកកម្ម ក្នុងប្រតិបត្តិការដឹកពលករខ្មែរមកពីប្រទេសថៃ ក្នុងច្រកព្រំដែនអូរស្មាច់ខេត្តឧត្តរមានជ័យ និងច្រកព្រំដែនដូងក្នុងខេត្តបាត់ដំបង អស់រយៈពេល៥ខែកន្លងមក។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនកម្លាំងប្រតិបត្តិដឹកពលករខ្មែរមកពីប្រទេសថៃ របស់កងពលតូចដឹកជញ្ជូនលេខ៩៩ តាមរយៈនាយឧត្តមសេនីយ៍ ម៉ឹង សំផន ក្នុងម្នាក់ៗទទួលបានរួមមាន៖-អង្ករ ៥០គីឡូក្រាម-ត្រីខ ១យួរ-មី ១កេស-ម៉ាស ១ប្រអប់-ថវិកា ១០០.០០០៛ និងម៉ាសចំនួន ២៥០០០សន្លឹកបន្ថែមទៀត។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានពាំនាំការផ្តាំផ្ញើ ការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនកងទ័ព កងកម្លាំងប្រតិបត្តិដឹកពលករខ្មែរមកពី ប្រទេសថៃ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបំពេញភារៈកិច្ចជូនជាតិនៅតាម បន្ទាត់ព្រំដែនអស់រយៈពេល១៥០ថ្ងៃ ស្នើនិង៥ខែកន្លងមកនេះ ។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ទៅកាន់ បងប្អូនកងទ័ពថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុក្ខដាក់ចំពោះបងប្អូនកងទ័ពគ្រប់កាលៈទេសទាំងអស់ អំណោយដ៏ថ្លៃថ្លារបស់សម្តេច ដែលបានចែកជូននៅពេលនេះ គឺជាលើកទឹកចិត្តចំពោះកងកម្លាំងដែលបានខិតខំ បំពេញភារៈកិច្ចប្រកបដោយជោគជ័យកន្លងមក ។
ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ជំនួសមុខជូនមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនអំណោយ ដ៏ថ្លៃថ្លានេះចែកជូនបងប្អូនកងទ័ពដែលបានវិលត្រឡប់មកពីបំពេញភារៈកិច្ចវិញ នៅតាមបន្ទាត់ព្រំដែន។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងគណៈប្រតិភូទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹក ចុះមកសួរសុខទុក្ខកងទ័ពទាំងអស់ ដែលនេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នូវស្មារតីផ្សារភ្ជាប់ ជាប្រចាំនូវមនោសញ្ចេតនា សាមគ្គីភាព ភាតរភាព និងគិតគូរយកចិត្តទុកដាក់ដល់សុខភាព សុខទុក្ខ ជីវភាពរស់នៅរបស់កងទ័ព ធ្វើឲ្យកងទ័ពទាំងអស់ គ្រប់លំដាប់ថ្នាក់ កោតសរសើរ និងយកចិត្តទុក្ខដាក់ពង្រឹងវិន័យកងទ័ព បង្កើននូវការអនុវត្តន៍ការងារ បានសម្រេចលទ្ធផលល្អ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បន្ទាប់ពីទទួលបញ្ជាពីថ្នាក់ដឹកនាំក្រសួងការពារជាតិ បានបញ្ជាឲ្យ រថយន្ត Dong Feng ចំនួន៩០គ្រឿង និងកម្លាំងចំនួន ១៤៥នាក់ ចុះបំពេញបេសកកម្មដឹកពលករ ចំណាកស្រុកពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា ក្នុងទិសព្រំដែន ច្រកដូង ខេត្តបាត់ដំបង និងទិសព្រំដែន ច្រកអូរស្មាច់ខេត្តឧត្តរមានជ៍យ ហើយគិតមកទល់ពេលនេះគឺស្មើរយៈពេល៥ខែ ក្រុមប្រតិបត្តិបានដឹកពលករសរុបបានចំនួន ៤១០៩៥នាក់៕