Covid-19

រដ្ឋមន្ដ្រីសុខាភិបាល​ ក្រេីនរំលឹក​អភិបាលរាជធានី-ខេត្ត​ ត្រូវបន្ដទប់ស្កាត់ជំងឺកូវីដ​១៩ និងពង្រឹងកន្លែងចត្តាឡីស័ក

ភ្នំពេញ​ ៖​ លោ​ក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខា​ភិបាល​ បានក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត​ ត្រូវពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័ក​ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

យោងតាមលិខិតរបស់​ ក្រសួងសុខាភិបាល​ នាថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២១​ លោក​ ម៉ម​ ប៊ុនហេង​ បានថ្លែងថា​ «ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការរដ្ឋបាល ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់»។

លោក​ បន្ដថា​ អភិបាល​រាជធានី​-ខេត្ត​ ត្រូវលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គល គ្រួសារ និងសហគមន៍។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៣,៦៩៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១៥,៧០០នាក់ និងស្លាប់ ចំនួន១៦៤នាក់៕

To Top