នយោបាយ

ទូតអាមេរិក ប្រចាំកម្ពុជា ៖ សារព័ត៌មានសេរី និងឯករាជ្យ មានសារៈសំខាន់ សម្រាប់ លទ្ធិប្រជាធិបតេយ្យ (Video)

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា សារព័ត៌មានសេរី និងឯករាជ្យ មានសារៈសំខាន់ សម្រាប់លទ្ធិប្រជាធិបតេយ្យ ព្រោះដើម្បីធ្វើឲ្យរដ្ឋាភិបាល មានការទទួលខុសត្រូវ នៅគ្រប់លំដាប់ថ្នាក់ទាំងអស់។

ការថ្លែងរបស់លោកនេះ ក្នុងឱកាសស្ថានទូតអាមេរិក នៅភ្នំពេញបានសហការ ជាមួយមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់អ្នកសារព័ត៌មាន (ICFJ) កំពុងរៀបចំសិក្ខាសាលា ថ្នាក់តំបន់តាមប្រព័ន្ធអ៊ិនធឺណែត ក្រោមគម្រោងគំនិតផ្តួចផ្តើម នៃមេដឹកនាំយុវជន អាស៊ីអាគ្នេយ៍ (YSEALI) ស្តីពីសារព័ត៌មានពលរដ្ឋ ។

ពលរដ្ឋដែលដើរតួ ជាអ្នកសារព័ត៌មាន គឺជាអ្នកដែលស្ថិត នៅក្រៅអង្គការសារព័ត៌មាន ធម្មតាធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកនៅថ្ងៃ២១ ឧសភា ។

លោក W. Patrick Murphy បានថ្លែងថា «សារព័ត៌មានសេរី និងឯករាជ្យមានសារៈសំខាន់ខ្លាំងណាស់សម្រាប់លទ្ធិប្រជាធិបតេយ្យប្រកបដោយវិបុលភាព។ ជាងពេលណាៗទាំងអស់ យើងត្រូវការ អ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកសារ ព័ត៌មាន ដើម្បីធ្វើឲ្យរដ្ឋាភិបាល មានការទទួលខុសត្រូវ នៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ហើយលើកកម្ពស់ការយល់ដឹង លើបញ្ហានានា បញ្ហាប្រឈម និងឱកាសនៅក្នុងសង្គម ។ ខ្ញុំមានការជឿជាក់ថា សិក្ខាសាលានេះ នឹងផ្តល់ដល់មេដឹកនាំវ័យក្មេង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នូវជំនាញសម្រាប់ធ្វើការងារ ទាំងនេះ»។
សម្រាប់លោកស្រី Melissa A. Brown ភារធារី នៃស្ថានបេសកកម្ម របស់សហរដ្ឋអាមេរិកប្រចាំ សមាគមអាស៊ាន បានមានប្រសាសន៍ថា ការផ្តល់អំណាច ដល់អ្នកសារព័ត៌មាន នៅអាស៊ីអាគ្នេយ៍ តាមរយៈឱកាសបណ្តុះបណ្តាលនានា ដែលផ្តល់ ដោយកម្មវិធីYSEALI កម្មវិធីអ្នកទស្សនកិច្ចអន្តរជាតិ ស្តីពីភាពជាអ្នកដឹកនាំ (IVLP) និងកម្មវិធីប្រឡងស្តីពីការងារសារព័ត៌មាន សង្គមរបស់យុវជនអាស៊ាន និងទីភ្នាក់ងារជំនួយ អាមេរិក (USAID) រួមចំណែកដល់វឌ្ឍនភាពតំបន់ឆ្ពោះ ទៅរកសង្គមដែលមានភាពសេរី និងបើកចំហ ហើយដែលគាំទ្រគណនេយ្យភាព និងការចូលរួមរបស់ពលរដ្ឋ ។

ចំណែកលោកស្រី Johanna Carrillo អនុប្រធានកម្មវិធីនៃ ICFJ បានមានប្រសាសន៍ ដែរថា អ្នកសារព័ត៌មានពលរដ្ឋ មានតួនាទីសំខាន់នៅក្នុងការផ្តល់ព័ត៌មាន សម្រាប់សហគមន៍របស់គេ ។

សូមបញ្ជាក់ថា គម្រោង YSEALI ជាកម្មវិធីពិសេសមួយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍ មានគោលបំណងបង្រៀន និងផ្តល់ជំនាញស្តីពីភាពជា អ្នកដឹកនាំដល់យុវជន ដែលស្ថិតក្នុងអាយុពី១៨-៣៥ ។ ក្នុងសិក្ខាសាលាថ្នាក់តំបន់ តាមអ៊ិនធឺណែតនេះមានរយៈពេល ៦ សប្តាហ៍ចាប់ផ្តើមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។ សិក្ខាកាមចំនួន៤៣នាក់ មកពីប្រទេសជាសមាជិក អាស៊ានទាំង១០និងប្រទេសទីម័រ នឹងទទួលបានចំណេះដឹងជាក់ស្តែងស្តី ពីសារព័ត៌មានពលរដ្ឋ រៀនសូត្របានពីចំណុចសំខាន់ៗ នៃសីលធម៌ សម្រាប់អ្នកសារព័ត៌មាន ហើយបណ្តុះសមត្ថភាព ក្នុងការធ្វើសេចក្តីរាយការណ៍ប្រកប ដោយគុណភាព និងផ្អែកលើភស្តុតាងបញ្ជាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top