ព័ត៌មានជាតិ

សកម្មភាពគ្រប់គ្រង ប្រព័ន្ធចម្រោះទឹកកខ្វក់ ជាការងារដ៏សំខាន់បំផុត សម្រាប់អនាម័យ សុខុមាលភាពសាធារណៈ

ភ្នំពេញ៖ ផែនការសកម្មភាពគ្រប់គ្រង ប្រព័ន្ធចម្រោះទឹកខ្វក់ គឺជាការងារដ៏សំខាន់បំផុត សម្រាប់លើកកម្ពស់សុខភាព អនាម័យ សុខមាលភាពសាធារណៈ និងរក្សាសោភ័ណភាព។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ របស់ក្រសួងសាធារណការ គឺជាការងារមួយដ៏ធំ និងមានសំខាន់បំផុតដែលត្រូវតែយក ចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពផងដែរ»។

ក្រសួងបន្ដថា ដោយសារតែការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃរួមមាន៖ ការអភិវឌ្ឍទីក្រុងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អាគារលំនៅស្ថាន ព្រមទាំងកំណើនប្រជាជន ដែលរស់នៅទីក្រុង និងទីប្រជុំជនធំៗ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យបញ្ហាចោទឡើង ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រង ទឹកកខ្វក់សំណល់គឺជាកង្វល់ ដ៏ធំមួយដែលទាមទារឲ្យក្រសួង ត្រូវយកចិត្តទុកដាក់ខ្ពស់លើការ ដោះស្រាយទាន់ពេលវេលា និងចំគោលដៅ។

ដើម្បីចូលរួមចំណែកក្នុងការ ដោះស្រាយបញ្ហាខាងលើ ក្រសួងសាធារណការរួម ជាមួយភាគីពាក់ព័ន្ធផ្សេងទៀត បានដាក់ចេញផែនការ សកម្មភាពក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈកិច្ចសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា នៅក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូល និងធ្វើប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។

ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ រួមជាមួយ ដៃគូពាក់ព័ន្ធនានា បាន និងកំពុងតែខិតខំប្រឹងប្រែង រៀបចំសេចក្តីព្រាងច្បាប់គតិយុត្តិ បទដ្ឋានបច្ចេកទេសក្នុងការសាងសង់ ជួសជុល ថែទាំ ប្រតិបត្តិការ គោលនយោបាយ និងយុទ្ធសាស្រ្តនានាទាក់ទងនឹងការគ្រប់គ្រង អភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅកម្ពុជាប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ដើម្បីសម្រេច ឱ្យបាននូវសោភ័ណភាពទីក្រុង (ទីក្រុងបៃតង) និងភាពទាក់ទាញផងដែរ ៕

To Top
×