ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធការលើកឡើង របស់លោក គឹម សុខថា ក្រសួងមហាផ្ទៃ បានលក់ ហើយ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើការ បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក គឹម សុខ ថា ក្រសួងមហាផ្ទៃឲ្យឈ្មួញវិនិយោគ។

អ្នកនាំពាក្យចាត់ទុកថា ការលើកឡើងរបស់អ្នកវិភាគរូបនេះថា មានសរសៃប្រសាទ ហើយថា ជាការវិភាគតាមការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយកមូលដ្ឋានអ្វីមកជាសំអាង ក្នុងការនិយាយនោះឡើយ ។

កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន The Cambodia Daily ដែលផ្សាយតាម ប្រព័ន្ធអនឡាញ ពីក្រៅប្រទេស និងតែងមានចេតនាទុច្ចរិត ក្នុងបំណងបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ បានធ្វើបទសម្ភាសន៍ជាមួយឈ្មោះ គឹម សុខ ដែលក្នុងកិច្ចសម្ភាសន៍នោះ គឹម សុខ បានប្រើប្រាស់ វោហារសព្ទចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថាបានលក់ទឹស្ដីការក្រសួងមហាផ្ទៃ។នេះបើយោងតាមសេចក្ដីប្រកាសបដិសេធ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។

ប្រភពបន្តថា «ការណ៍ដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយ បរិហារកេរ្ដិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឲ្យមានការ បែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែល មានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីបំភ្លេចប៉ប្លូចឥត ខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ»។

អ្នកនាំពាក្យបន្ដថា ម្យ៉ាងវិញទៀត សំដីស្អុយគគ្រុករបស់ គឹម សុខ នេះ ក៏ជាអ្វីដែលសារព័ត៌មាន The Cambodia Daily ដែលអះអាងខ្លួនថាជា សារព័ត៌មានអព្យាក្រឹតនោះ តែងនិយមយកមកផ្សព្វផ្សាយដែលបង្ហាញឲ្យឃើញនូវចរិតជាសារព័ត៌មានមួយដែលខ្វះវិចារណញ្ញាណក្នុងវិជ្ជាជីវៈ ហើយតែងផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ បង្កអរិភាពដល់នយោបាយ និងសន្តិសុខសង្គម ព្រមទាំងរំលោភយ៉ាងងងើលលើគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងសង្គមប្រជាធិបតេយ្យ ។

ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសជាឱឡារិកថា គ្មានការទិញ-លក់ទីស្ដីការក្រសួងមហាផ្ទ ដូចសំដីដ៏ស្អុយគគ្រុករបស់ឈ្មោះ គឹម សុខ នោះទេ ។ ទីស្តីការក្រសួងមហាផ្ទៃនៅតែជាទ្រព្យសម្បត្តិ របស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មាន និងមិនអាចមានទាល់តែសោះ នូវការទិញ-លក់ ដូចការផ្សព្វផ្សាយបំផ្លើសនោះឡើយ ៕

To Top