ភ្នំពេញ ៖ ក្រសួងសុខាភិបាល មិនអនុញ្ញាតឱ្យចុះទិដ្ឋាការ បញ្ជិកា សម្រាប់ឱសថវេចខ្ចប់ជាកំប៉ុង ឬដប មានចំនួនលើស ពី១៥០គ្រាប់ ចំពោះឱសថសម័យ និងចំនួនលើសពី ៣០០គ្រាប់ ចំពោះឱសថបូរាណ ឬឱសថបំប៉នសុខភាព។
តាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា «ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការរក្សាទុកដាក់ឱសថ ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យចុះទិដ្ឋាការ បញ្ជិកាសម្រាប់ឱសថ ដែលមានការវេចខ្ចប់ជាកំប៉ុងឬដប មានចំនួនលើសពី ១៥០គ្រាប់ ចំពោះឱសថសម័យ និងចំនួនលើសពី ៣០០គ្រាប់ចំពោះឱសថបូរាណ ឬឱសថបំប៉នសុខភាព (ផលិតផលបំប៉នសុខភាព) លើកលែងការចុះទិដ្ឋាការ បញ្ជីកាឱសថនោះ ស្ថិតក្នុងការផ្គត់ផ្គង់ប្រព័ន្ធសុខាភិបាលសាធារណៈ»។
លោកស្រី ក៏បានលើកឡើងទៀតថា ឱសថសម្រាប់ចុះទិដ្ឋាការ បញ្ជិកាដែលមានការវេចខ្ចប់ជាកំប៉ុង ឬដបតម្រូវឱ្យមានសំបកប្រអប់ពីខាងក្រៅ និងមានព័ត៌មានគ្រប់លក្ខណៈ៕

