ភ្នំពេញ៖ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច បិទបំរាមគោចរ និងអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង» ចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភានេះតទៅ និងគ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្ម ជាប្រក្រតីនិងអាចទទួល អតិថិជនឲ្យចូលមកទទួលទាន ក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសម្ដែងក្ដីសង្ឃឹម និងជឿជាក់ថាបងប្អូនប្រជាពលរដ្ឋនឹង ប្រុងប្រយ័ត្នជាមួយមេរោគ COVID-19 ទ្វេដង។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានលើកឡើងថា «COVID-19 នឹងឆ្ងាញ់មាត់សារជាថ្មី បើពលរដ្ឋ ដើរសេរីខ្វះការប្រុងប្រយ័ត្នជាមួយមេរោគនេះ។ ខ្ញុំសង្ឃឹម និងជឿជាក់ថាបងប្អូនប្រជាពលរដ្ឋនឹង ប្រុងប្រយ័ត្នជាមួយមេរោគ COVID-19 ទ្វេដង ដើម្បីក្រពះ និងជីវភាពប្រចាំថ្ងៃ»៕