Covid-19

រដ្ឋមន្ដ្រីផែនការ បញ្ជាអភិបាលរាជធានី-ខេត្ត ពន្លឿនការកំណត់អត្តសញ្ញាណ គ្រួសារឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ ដើម្បីសម្រួលជីវភាពរស់នៅរបស់ប្រជាជន ដែលជានិច្ចកាលជាការគិតគូររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នោះ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានស្នើដល់អភិបាលរាជធានី-ខេត្ត ពន្លឿនការកំណត់អត្តសញ្ញាណគ្រួសារឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យចប់សព្វគ្រប់ ច្បាស់លាស់ និង តម្លាភាព ឱ្យបានត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងផែនការ។

ក្នុងកិច្ចប្រជុំជាមួយ អភិបាលរាជធានី-ខេត្ត ដើម្បីពន្លឿន និងជំរុញការប្រមូលទិន្នន័យ សម្រាប់អនុវត្តកម្មវិធី «ជំនួយសង្គមជា សាច់ប្រាក់ក្រោយពេលបិទខ្ទប់» កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក ឆាយ ថន បានថ្លែងថា «ស្នើដល់ ឯកឧត្ដម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ មេត្តាជួយសម្របសម្រួល និង ណែនាំបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ដូចជា អភិបាលខណ្ឌ ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីពន្លឿន ការកំណត់អត្តសញ្ញាណគ្រួសារគោលដៅ និង កំណត់អត្តសញ្ញាណគ្រួសារដែលឆ្លងជំងឺកូវីត-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យចប់សព្វគ្រប់ ច្បាស់លាស់ មានតម្លាភាពសម្រាប់ប្រជាជន តាមពេលវេលាកំណត់ ត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ ដើម្បីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកទិន្នន័យនេះសម្រាប់គណនាថវិកា និងបើផ្តល់ថវិកាជូនគ្រួសារ ដែលបានសម្ភាសន៍ជាប់ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ»។

លោក បានបញ្ជាក់ថា ជាភារកិច្ចនិងការទទួលខុសត្រូវដ៏មានសារៈសំខាន់បំផុតចំពោះមុខ គឺត្រូវតែរួមគ្នាចូលរួមអនុវត្តនូវ សេចក្តីសម្រេចលេខ០២៣ សហវ ឱ្យសម្រេចបានជោគជ័យ ដូចអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង គ្រួសាររងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមអនុវត្តពីខែមិថុនា ឆ្នាំ២០២០ នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១នេះ ដែលជាកិច្ចសហការ និង ការខិតខំរបស់ អភិបាលរាជធានី- ខេត្ត និង ទទួលបានការសាទរនិងកោតសរសើរពីប្រជាជន និង មជ្ឈដ្ឋានអន្តរជាតិ ដែលបានគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ និង ជីវភាពរបស់ប្រជាជនក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យ អនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារ ប្រជាពលរដ្ឋដែលមានកម្រិត ជីវភាពទាប និង ជួបប្រឈមនឹងការលំបាកក្រោយ ការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ និង ការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមាន អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង មានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១៕

To Top