ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីប្រគល់-ទទួលជានិមិត្តរូប នូវឧបករណ៍វេជ្ជសាស្ត្រ បរិក្ខារប្រើប្រាស់របស់ក្រសួងការពារជាតិវៀតណាម ជូនក្រសួងការពារជាតិកម្ពុជា សម្រាប់ ប្រយុទ្ធប្រឆាំងជំងឺរីករាលដាលកូវីដ-១៩ បានប្រព្រឹត្តទៅក្រោមអធិបតី លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម និងលោក ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋាន ទំនាក់ទំនងការបរទេស ដែលជាតំណាងក្រសួងការពារជាតិវៀតណាម។
នាឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណក្រសួងការពារ ជាតិវៀតណាម បានចែករំលែកសម្ភារៈ ទោះបីមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅវៀតណាម និងបានបន្តជួយឧបត្ថម្ភដល់ ក្រសួងការពារជាតិកម្ពុជា យ៉ាងទាន់ពេលវេលា នូវគ្រឿងឧបករណ៍សម្ភារៈ សុខាភិបាលជាច្រើន ដូចជា៖ ស្បៀង អង្ករ សំលៀកបំពាក់ការពារ PCD, ម៉ាស៊ីនបាញ់ថ្នាំ, ម៉ាសវេជ្ជសាស្ត្រ, ម៉ាស N95, ម្សៅសារធាតុ Chloramin B TQ (ថ្នាំសម្លាប់មេរោគ), ទឹកលាងដៃ ស្រោមដៃ និងឧបករណ៍វាស់កំដៅ។
លោក បន្ដថា ជំនួយទាំងនេះ បានលេចរូបរាងឡើងបន្ទាប់ពី ជំនួបតាមប្រព័ន្ធវីដេអូ រវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា-វៀតណាម កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ទើបមានជាជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ ទឹកចិត្ត ដែលកាន់តែរីកដុះដាលរឹងមាំឡើង នៃមិត្តភាពជាប្រពៃណី សាមគ្គីភាព និងជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរផងដែរ៕