ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា គ្មានការទិញ-លក់ ទីស្ដីការក្រសួងមហាផ្ទៃឡើយ

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនាំរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា គ្មានការទិញ-លក់ ទីស្ដីការក្រសួងមហា ផ្ទៃ ដូចការលើកឡើងរបស់ឈ្មោះ គឹម សុខ ឡើយ។

កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន The Cambodia Daily ដែលផ្សាយតាមប្រព័ន្ធអនឡាញ ពីក្រៅប្រទេស និងតែងមានចេតនាទុច្ចរិត ក្នុងបំណងបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ បានធ្វើបទសម្ភាសន៍ជាមួយឈ្មោះ គឹម សុខ ដែលក្នុងកិច្ចសម្ភាសន៍នោះ គឹម សុខ បានប្រើប្រាស់ វោហារសព្ទចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថា បានលក់ទឹស្ដីការក្រសួងមហាផ្ទៃ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា គ្មានការទិញ-លក់ ទីស្ដីការក្រសួងមហាផ្ទៃទេ»។

យោងតាមសេចក្ដីប្រកាស បដិសេធរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ឧសភា បានលើកឡើងថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្វើការបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់លោក គឹម សុខ ដែលបានប្រើប្រាស់វោហារសព្ទ ចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថាបានលក់ទីស្ដីការក្រសួងមហាផ្ទៃ ដែលការលើកឡើងរបស់ អ្នកវិភាគសរសៃប្រសាទរូបនេះ គឺជាការវិភាគតាម ការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយក មូលដ្ឋានអ្វីមកជាសំអាងក្នុងការនិយាយនោះឡើយ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានប្រកាសជាឱឡារិកថា គ្មានការទិញ-លក់ទីស្ដីការក្រសួងមហាផ្ទ ដូចសំដីដ៏ស្អុយគគ្រុករបស់ឈ្មោះ គឹម សុខ នោះទេ។ ទីស្តីការក្រសួងមហាផ្ទៃ នៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មាន និងមិនអាចមានទាល់តែសោះ នូវការទិញ-លក់ ដូចការផ្សព្វផ្សាយបំផ្លើសនោះឡើយ៕

To Top