ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិជាច្រើនខ្សែរ ត្រូវបានបន្តខិតខំយកចិត្តទុក ដាក់ជួសជុលថែទាំ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយ ស្រួលបន្ថែមទៀត។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «នាថ្ងៃទី២០-២១ ឧសភា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តរតនគីរី បានបន្តខិតខំយកចិត្តទុកដាក់ចុះ ត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ កំណាត់ផ្លូវជាតិលេខ៥ លេខ៨ លេខ៥២ លេខ៥៦ លេខ៦២ លេខ៦៤ លេខ៧២ លេខ៧៨ លេខ៩៥ លេខ៥៧B លេខ៧៨-៥ លេខ៥៧B1 និងផ្លូវថ្នល់មួយចំនួនផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ»។

ក្រសួង បន្ដថា ប្រសិនបើប្រជាពលរដ្ឋជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ ត្រូវចូលរួមសហការណ៍ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់កម្ពុជា អាចប្រើប្រាស់បានយូរអង្វែង។

ក្រសួង ក៏បានលើកឡើងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ធូរស្រាលពីកម្ពុជា សូមប្រជាពលរដ្ឋចូលរួមរក្សា អនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នា ៕


