ព័ត៌មានជាតិ

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-​អាមេរិក

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ​អាមេរិក ដែលនឹង​ប្រព្រឹត្ត​ទៅតាម​​ប្រព័ន្ធ​វីដេអូ ​នៅថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០​២​១ ។

​​យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២២ ឧសភានេះ បានឲ្យដឹងថា រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន និងលោក អេនតូនី ប្លីនខេន (Antony Blinken) នឹង​ពិភាក្សាគ្នា អំពីវិធីសាស្ត្រនានា ​ដើម្បីលើកកម្ពស់​បន្ថែមទៀតកិច្ច​សហប្រតិបត្តិការ​ និងទំនាក់ទំនង​ភាព​ជា​ដៃ​គូ​រ​វាង​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក ជាពិសេសក្នុង​ការដោះស្រាយវិបត្តិសុខុមាលភាពសកលនាពេលបច្ចុប្បន្ន និង​ផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និង​អន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម ។

​ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញភាពជាដៃគូ​យុទ្ឋសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងនិងក្រៅតំបន់៕

To Top