ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ បានឲ្យដឹងថា បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ចាម បានបោះពាក្យសម្ដី ទៅកម្មការិនីគ្រប់ខែម្នាក់ ដែលកំពុងឈឺពោះខ្លាំង ជិតសម្រាលថា មកពីខេត្តណា ត្រូវទៅព្យាបាល ឬសម្រាលនៅខេត្តនោះវិញចុះ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ឧសភានេះ លោក ប៉ាវ ស៊ីណា បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អ្នកស្រី ញឹម ផល្លា ជាកម្មការិនីបំរើការងារនៅរោងចក្រ ថប់ស៊ីលីវ័រ ស្ថិតក្នុងខេត្ត ត្បូងឃ្មុំ បានទៅសម្រាលកូន នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ពេលទៅដល់មន្ទីរពេទ្យខេត្តកំពង់ចាម ស្ថិតក្នុងសភាពដែលអ្នកស្រី កំពុងតែបែកទឹកភ្លោះក៏ដោយ តែ ខាងមន្ទីរពេទ្យ គេមិនអនុញ្ញាត អោយអ្នកស្រីសម្រាលកូននៅទីនោះទេ ដោយខាងមន្ទីរពេទ្យ បានបញ្ជាក់ប្រាប់គាត់វិញ ថាមកពីខេត្តណា ត្រូវទៅព្យាបាលឬសម្រាលនៅខេត្តនោះវិញចុះ» ។
លោក ប៉ាវ ស៊ីណា បន្ថែមថា ដោយសារការបដិសេធមិនឲ្យ សម្រាលកូននៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ក្រុមគ្រួសារអ្នកស្រី បានបន្តបញ្ជូនអ្នកស្រី ទាំងស្ថានភាពកំពុងឈឺពោះខ្លាំងឡើងៗ ទៅកាន់គ្លីនិចឯកជនវិញ ដោយការវះកាត់យកទារកតែម្តង អ្នកស្រី បានចេញពីគ្លីនិចវិលត្រឡប់ទៅ សម្រាកនៅផ្ទះវិញនៅថ្ងៃទី១៧ មេសា ២០២១ ៕


