នយោបាយ

វិភាគ ៖ សំណុំរឿង នុយក្លេអ៊ែរកូរ៉េខាងជើង នៅតែជាក្តីកង្វល់ សម្រាប់មេដឹកនាំ អាមេរិកគ្រប់ជំនាន់

បច្ចុប្បន្នភាព

ប្រធានាធិបតីថ្មី គ្រប់រូប របស់សហរដ្ឋអាមេរិក និងគ្រប់ជំនាន់ ក្រោយពីបានឡើងកាន់តំណែង តែងតែបានលើកឡើង ពីក្តីកង្វល់ និងយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងដំណោះស្រាយ លើសំណុំរឿងកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល របស់ប្រទេសកូរ៉េខាងជើង ។

ប្រធានាធិបតីអាមេរិក៥រូបចុងក្រោយ មានលោក ប៊ីល គ្លីនតុន លោក ចច ដាប់ប៊ែលយូ ប៊ូស លោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន បាននិងកំពុងប្រើប្រាស់ យុទ្ធសាស្ត្រខុសៗគ្នា ក្នុងការស្វែងរកដំណោះស្រាយ កម្មវិធីនុយក្លេអ៊ែរ កូរ៉េខាងជើង ។

យុទ្ធសាស្ត្រ របស់ប្រធានាធិបតីអាមេរិក៤រូបចុងក្រោយ គឺលោក ប៊ីល គ្លីនតុន លោក ចច ដាប់ប៊ែលយូ ប៊ូស លោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ បានបរាជ័យទាំងស្រុងរួចហើយ លើដំណោះស្រាយ ស្តីពីនុយក្លេអ៊ែរកូរ៉េខាងជើង នៅឡើយតែលោក ចូ បៃដិន ។

គ្រប់ប្រធានាធិបតិអាមេរិក បានប្រឹងប្រែងទប់ស្កាត់កូរ៉េខាងជើង មិនអោយសម្រេចបាននូវមហិច្ឆិតា ផលិតអាវុធមហាប្រល័យ និងបច្ចេកវិទ្យាមីស៊ីល ដោយបានដាក់ប្រទេស អាស៊ីខាងកើតមួយនេះ អោយនៅឯកោលើពិភពលោក ជាច្រើនទសវត្សរ៍ ។

សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានដាក់សម្ពាធផ្នែកការទូតផង ផ្នែកនយោបាយផង និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងលើកូរ៉េខាងជើង ដើម្បីអោយប្រទេសនេះ បោះបង់ចោលមហិច្ឆិតា ផលិតអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល ។

ប៉ុន្តែនៅទីបំផុត កូរ៉េខាងជើង បានសម្រេចមហិច្ឆិតា របស់ខ្លួនរួចជាស្រេចទៅហើយ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល ដោយបានសាកល្បង ជោគជ័យ កាលពីឆ្នាំ២០១៧កន្លងទៅ ទាំងការសាកល្បងចុងក្រោយ នូវអាវុធនុក្លេអ៊ែរ និងការបាញ់សាកល្បង ចុងក្រោយនូវមីស៊ីលបាលី ស្ទិកអន្តរទ្វីប (ICBM) ដែលកូរ៉េខាងជើង បានអះអាងថា ICBM របស់ខ្លួនអាចហោះហើរ ទៅកម្ទេចគោលដៅនានា នៅទូទាំងពិភពលោកបាន ។

សូមរំលឹកជូនថា កាលពីខែវិច្ឆិកា ចុងឆ្នាំ២០២១៧កន្លងទៅ កូរ៉េខាងជើងបានបាញ់ សាកល្បងមីស៊ីលបាលីស្ទិក (ICBM) ចុងក្រោយរបស់ខ្លួន ឈ្មោះ វ៉ាសុង ១៥ (Hwasong 15) ដែលបានហោះហើរក្នុងរយៈចម្ងាយជាង ១២០០០ គីឡូម៉ែត្រ ។
មេដឹកនាំគ្រប់រូប របស់សហរដ្ឋអាមេរិក បានព្យាយាមទប់ស្កាត់មហិច្ឆិតា របស់កូរ៉េខាងជើងមិនអោយសម្រេច បាននូវការផលិតអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល ប៉ុន្តែនៅពេលនេះ កូរ៉េខាងជើង បានសម្រេចមហិច្ឆិតារបស់ខ្លួនហើយ ។

សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ មិនអាចទប់ស្កាត់មហិច្ឆិតា របស់កូរ៉េខាងជើងបានផង គឺចាប់តាំងពីកូរ៉េខាងជើងគ្មាននុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិកអន្តរទ្វីប រហូតដល់ប្រទេសនេះ មានគ្រប់យ៉ាងហើយនៅពេលបច្ចុប្បន្ននេះ ។

តើយុទ្ធសាស្ត្ររបស់លោក ចូ បៃដិន អាចបង្ខំកូរ៉េខាងជើង អោយរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលបានទេ ?

កាលពីកូរ៉េខាងជើង មិនទាន់សម្រេចមហិច្ឆិតា ប្រទេសនេះមិនបានបញ្ឈប់មហិច្ឆិតារបស់ខ្លួន ដោយសារសម្ពាធការទូត និងទណ្ឌកម្មនោះទេ ។
ចុះនៅពេលបច្ចុប្បន្ននេះ ខណៈដែលកូរ៉េខាងជើងបានសម្រេចមហិច្ឆិតា របស់ខ្លួនទៅហើយ តើយុទ្ធសាស្ត្ររបស់លោក ចូ បៃដិន អាចទទួលជោគជ័យទេ ? គ្រាន់តែដកទណ្ឌកម្មសេដ្ឋកិច្ច ចេញពីកូរ៉េខាងជើង តើគ្រប់គ្រាន់ទេសម្រាប់កូរ៉េខាងជើង ? តើកូរ៉េខាងជើង ពិតជាចង់រំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចទេ ?

លោក ចូ បៃដិន ប្រធានាធិបតី របស់សហរដ្ឋអាមេរិក បច្ចុប្បន្ន បានថ្លែងកាលពីចុងសប្តាហ៍មុន អំពីយុទ្ធសាស្ត្ររបស់លោក ក្នុងការស្វែង រកដំណោះស្រាយ កម្មវិធីនុយ ក្លេអ៊ែរកូរ៉េខាងជើង ដោយមិនដើរតាមគន្លង ឬវិថីរបស់លោក អូបាម៉ា និងលោក ត្រាំ នោះទេ ។

លោក ចូ បៃដិន បាននិយាយថា លោកនឹងនាំសន្តិភាព ពេញលេញអោយឧបទ្វីបកូរ៉េ នៅពេលខាងមុខ ខណៈដែលនៅពេលបច្ចុបន្ននេះ ឧបទ្វីបកូរ៉េមានសន្តិភាព តែពាក់កណ្តាលដោយសារកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល របស់កូរ៉េខាងជើង ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រមុខ ដឹកនាំគ្រប់ជំនាន់ របស់ សហរដ្ឋអាមេរិក មានក្តីកង្វល់ និងព្រួយបារម្ភពីសំណុំរឿង កម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល របស់កូរ៉េខាជើង គឺដោយសារប្រទេសនេះ នៅតែជាប្រទេស គំរាមកំហែងដល់ សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ។

ប្រមុខដឹកនាំគ្រប់រូប របស់សហរដ្ឋអាមេរិក បានចាត់ទុកថា កូរ៉េខាងជើងជាប្រទេស តែមួយគត់នៅលើពិភពលោក ដែលគំរាមកំហែង ដល់សន្តិសុខជាតិអាមេរិកផង និងគំរាមកំហែងដល់ សន្តិសុខរបស់ប្រទេស ជាសម្ព័ន្ធមិត្តអាមេរិកផង ។

មូលហេតុដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក មិនអាចចរចាឈានដល់កិច្ចព្រមព្រៀង រំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ដោយសារជំងឺចាស់ រវាងភាគីទាំងពីរ គឺជំងឺមិនទុកចិត្តគ្នា ។

សហរដ្ឋអាមេរិក បានទាមទារអោយកូរ៉េខាងជើង បោះបង់ចោល ឬរំសាយចោលនូវកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនជាមុនសិន ទើបសហរដ្ឋអាមេរិក ផ្តល់សម្បទានទៅតាមការចង់បាន របស់កូរ៉េខាងជើង មានដកទណ្ឌកម្មសេដ្ឋកិច្ចជាដើម ។

ចំណែកកូរ៉េខាងជើង ក៏បានទាមទារប្រហាក់ប្រហែលគ្នាដែរ គឺសហរដ្ឋអាមេរិក ត្រូវដកទណ្ឌកម្មសេដ្ឋកិច្ច ចេញពីកូរ៉េខាងជើងជាមុនសិន ទើបកូរ៉េខាងជើងធ្វើតាម ការចង់បាន របស់សហរដ្ឋអាមរិក ឬអាចធ្វើជាដំណាក់កាល រវាងការដកទណ្ឌកម្ម និងការរំសាយនុយក្លេអ៊ែរក៏បាន ដោយគ្រប់យ៉ាងត្រូវជាប់គាំង ដោយសារជំងឺមិនទុកចិត្តគ្នា ៕
ដោយ ៖ អ៊ី ជិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top