ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់​ អំពាវនាវដល់កងទ័ព សិស្ស -និស្សិត កំពុងបំពេញបេសកកម្ម រក្សាសន្តិភាព និងសិក្សាតាម​បណ្ដាប្រទេសនានា ត្រូវប្រុងប្រយ័ត្ន ជំងឺកូវីដ-១៩ (Video)

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអំពាវនាវកងទ័ពសិស្ស-និស្សិត កំពុងបំពេញបេសកកម្ម រក្សាសន្តិភាពនិងសិក្សា នៅតាមបណ្ដាប្រទេសនានា ត្រូវប្រុងប្រយ័ត្ន ចំពោះកូវីដ-១៩។

តាមរយៈហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានឲ្យដឹងថា អត្រាឆ្លងជំងឺកូវីដ-១៩ នៅតែបន្ដកើនឡើងជារៀងរាល់ថ្ងៃ នៅលើពិភពលោក ។

សម្ដេចបានបញ្ជាក់ថា «អត្រាចម្លងនៃមេរោគ កូវីដ-១៩ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ នៅតាមបណ្តាប្រទេសនានា នៅលើពិភពលោក ដូចនេះសូមក្មួយៗ កងទ័ព សិស្សនិស្សិត ដែលកំពុងបំពេញ បេសកកម្មរក្សាសន្តិភាព និងសិក្សា នៅតាមបណ្ដាប្រទេសនានា ត្រូវប្រុងប្រយ័ត្ន និងថែទាំសុខភាព អនាម័យឱ្យបានល្អ ព្រមទាំងអនុវត្តនូវវិធានការការពារ ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួន »។

សូមរំលឹកថា ចាប់ពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន កងយោធពលខេមរភូមិន្ទ (RAF/NPMEC) បានដាក់ពង្រាយកងកម្លាំង​ ថែរក្សាសន្តិភាពសរុប ជាង ៧,៥០០នាក់ ក្នុងនោះមានស្ត្រី ៤៦៦នាក់ ទៅ ៩ប្រទេស រួមមាន៖ ស៊ូដង់ ឆាដ លីបង់ ស៊ូដង់ខាងត្បូង សាយប្រឺស ស៊ីរី ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងយេម៉ែន។

បច្ចុប្បន្នមានកង រក្សាសន្តិភាពកម្ពុជា ចំនួន ៧៧៩នាក់ ក្នុងនោះជាស្ត្រីចំនួន ១០៤នាក់ កំពុងប្រតិបត្តិការចំនួន ៥ប្រទេសរួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top