ព័ត៌មានជាតិ

លោក សយ សុភាព៖ មេដឹកនាំមិនស្របច្បាប់ខ្មែរ ត្រូវប្រយ័ត្នប្រយែង ប្រយ័ត្នដូចអ្នកកាសែត នៅបេឡារ៉ូស (Video)

ភ្នំពេញ៖ ក្នុងនាមជាអ្នកចូលចិត្តតាមដាន ក៏ដូចជាវិភាគស្ថានការនយោបាយ ទាំងជាតិ-អន្តរជាតិលោក សយ សុភាព បានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការចាប់ខ្លួនអ្នកកាសែត ប្រុសម្នាក់របស់ប្រទេសបេឡារ៉ូស ។ ដោយមើលស្ថានភាពទៅមិនខុសគ្នាពីលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង ដែលបច្ចុប្បន្នលោកនៅតែអះអាងថា ខ្លួនជាមេដឹកនាំគណបក្សសង្រ្គោះជាតិនោះ លោក សយ សុភាព បានផ្ញើសារទៅថា ប្រយ័ត្នមានវាសនាដូចអ្នកកាសែត នៅបេឡារ៉ូស ។

“សូមផ្តាំទៅអតីតមេដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសកុំព្រហើនភ្លេចខ្លួនប្រយ័ត្ន ដូចអ្នកកាសែតបេឡារ៉ូស”។ នេះជាការថ្លែងរបស់លោក សយ សុភាព នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លោក សយ សុភាព បានលើកន័យប្រដូចលោក សម រង្ស៊ីទៅករណីព្រឹត្តិការណ៍បញ្ជាឲ្យយន្តហោះ ហោះឆ្លងកាត់ប្រទេសបេឡារ៉ូស កាលពីថ្ងៃ២៣ ឧសភា ។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យមាន ចំណាប់អារម្មណ៍ទូទាំងពិភពលោក ជាពិសេស អាមេរិក និងសហភាពអឺរ៉ុប ខឹងសម្បារយ៉ាងខ្លាំង និងគំរាមដាក់ទណ្ឌកម្មប្រទេសបេឡារ៉ូស។

ក្នុងន័យនេះ លោកថ្លែងសង្កត់ធ្ងន់ទៅក្រុមប្រឆាំង រាជរដ្ឋាភិបាលកម្ពុជាថា ដូច្នេះសម្រាប់អ្នកប្រឆាំងទៅនឹង អាជ្ញាធររដ្ឋាភិបាលណាមួយ ក៏ត្រូវប្រុងប្រយ័ត្នផងដែរ កុំដេកភ្លេចខ្លួនថា គេមិនហ៊ានធ្វើអ្វីឲ្យសោះ។ ភ្លេចខ្លួនប្រយ័ត្នមកស្នាក់នៅសណ្ឋាគារព្រៃស ឬ សណ្ឋាគារគុកណាមួយនៅស្រុកខ្មែរ ។

ងាកមកនិយាយការចាប់ខ្លួនអ្នកកាសែត បេឡារ៉ូសនេះវិញម្តង ដោយសារខ្លួនជ្រកក្រោម អ្នកកាសែតហើយធ្វើសកម្មភាពភេវរកម្ម ប្រឆាំងនឹងអ្នកដឹកនាំប្រទេសបេឡារ៉ូស ដែលមានអាមេរិក និងអឺរ៉ុប នៅពីក្រោយដោយបានធ្វើឲ្យបេឡារ៉ូស កើតកាលាហលនាពេលកន្លងមក ក្រោយការបោះឆ្នោតផ្ទុះហិង្សាបាតុកម្ម តវ៉ាប្រឆាំងទៅនឹងប្រធានាធិបតី។

ការគំរាមរបស់អាមេរិក និងអឺរ៉ុប បង្ហាញថា ពួកគេជាអ្នកបង្កលូកដៃចូលផ្ទៃក្នុង ប្រទេសដទៃដែលវាខុសទៅនឹង អ្វីដែលពួកគេនិយាយពីសិទ្ធិ ប្រជាធិបតេយ្យដែលខ្លួនបង្ហាត់បង្រៀនគេ ។

សូមបញ្ជាក់ថា លោក Roman Protassevitch អាយុ២៦ឆ្នាំ ជាអតីតនិពន្ធនាយករបស់កាសែតប្រឆាំង បេឡាររ៉ូ ឈ្មោះ Nexta ដែលជាអ្នកកាសែតប្រឆាំងប្រធានាធិបតីបេឡារ៉ូស លោក លូកាឈិនកូ ក្រោយការបោះឆ្នោតឆ្នាំ២០២០ ដោយបានដើរតួនាទីសំខាន់ ក្នុងបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត។
លោកត្រូវបានចាប់ខ្លួនក្នុងពេល ធ្វើដំណើរតាមយន្តហោះរបស់ក្រុមហ៊ុន Ryanair ពីទីក្រុងអាថែន ប្រទេសក្រិច ទៅក្រុង Vilnius របស់ប្រទេសលីទុយអានីទីដែលលោក និងឪពុក-ម្តាយសុំសិទ្ធិជ្រកកោន គេចពីការតាមចាប់ខ្លួនរបស់ប្រធានាធិបតីបេឡារ៉ូស។ យន្តហោះត្រូវបង្ខំឲ្យចុះចតនៅទីក្រុង Minks ប្រទេសបេឡារុស នាថ្ងៃ២៣ ឧសភា ក្រោមហេតុផលមានគ្រឿងផ្ទុះក្នុងយន្តហោះ ដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំងនេះ។

នៅពេលឃើញយន្តហោះបត់បែរក្បាលសំដៅទីក្រុង Minks លោក Roman Protassevitch ភ័យតក់ស្លុតខ្លាំងមែនទែន ប៉ុន្តែក្រោយដឹងថា លោកគ្មានជម្រើសអ្វីផ្សេង លោកក៏ត្រឡប់ស្ងៀមស្ងាត់មកវិញ និងនិយាយថា យន្តហោះត្រូវបង្ខំឲ្យចុះចត ដោយសារតែរូបលោក។ លោក Roman Protassevitch នៅបាននិយាយទៀតថា នៅបេឡារុស លោកត្រូវប្រឈមនឹងទោសប្រហារជីវិត។ នេះបើតាមការចុះផ្សាយរបស់វិទ្យុបារាំងនាថ្ងៃ២៣ ឧសភា ។

បើតាមវិទ្យុបារាំងដដែល នៅឆ្នាំមុន បេឡារុស ដែលមានប្រជាជនមិនដល់ ១០លាននាក់ ផង បានជួបប្រទះ បាតុកម្មភ្លូកទឹក ភ្លូកដី របស់ប្រជាជន ដើម្បីប្រឆាំងប្រធានាធិបតី បេឡារុស លោក Alexandre Loukachenko ដែលបានដឹកនាំបេឡារុស តាំងពីឆ្នាំ ១៩៩៤ និងដែលបានទាមទារថា ខ្លួនជាអ្នកឈ្នះឆ្នោតសាជាថ្មី កាលពីឆ្នាំ ២០២០ ៕

To Top