ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវា អតិថិជន និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារ បច្ចេកទេស SPIN តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងកិច្ចប្រជុំ គណៈកម្មការសម្របសម្រួល គម្រោងកិច្ចគាំពារសង្គមស្តីពី “នវានុវត្តន៍សម្រាប់វិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ” (SPIN Project) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះ ពិតជាមានសារៈសំខាន់ ក្នុងការពិនិត្យនិងពិភាក្សារួមគ្នា ដើម្បីឈានទៅរកវឌ្ឍនភាព នៃការអនុវត្តគម្រោង SPIN ដែលមានខ្លឹមសារជាអាទិ៍៖
១. កម្មវិធីតាមគេហទំព័រ (Web Application)
២. លទ្ធផលនៃការសិក្សា ទៅលើការវាយតម្លៃហិរញ្ញវត្ថុ (Financial Assessment)
៣. គម្រោងស្តីពី ការអភិវឌ្ឍមជ្ឈមណ្ឌល ផ្តល់ព័ត៌មាន ប.ស.ស. (NSSF Call Center Development)
៤. យុទ្ធសាស្រ្ត នៃការផ្សព្វផ្សាយ (Communication Strategy)
៥. ផែនការសកម្មភាព នៃការអនុវត្តគម្រោងសាកល្បង។
លោក ហេង សុផាន់ណារិទ្ធ បានថ្លែងទៀតថា កិច្ចប្រជុំពិភាក្សា ពេញមួយរសៀលនេះ ក្រុមការងារបច្ចេកទេស នឹងនាំមកនូវធាតុចូលសំខាន់ៗ ក៏ដូចជាបទពិសោធន៍ថ្មីៗ ដើម្បីជាគន្លឹះ ក្នុងការសម្រេចឱ្យបានជោគជ័យ ទៅលើគម្រោង កិច្ចគាំពារសុខភាពសង្គម ផ្នែកនវានុវត្តន៍សម្រាប់ វិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ (SPIN Project) ដ៏សំខាន់មួយនេះ។
ជាមួយគ្នានេះផងដែរ លោកប្រធានក្រុមការងារ ពិតជាមិនភ្លេចទេនូវអនុសាសន៍ ផ្តាំផ្ញើពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានណែនាំដល់លោក ដើម្បីថ្លែងនូវការអគុណ និងកោតសរសើរ ជាមួយនិងការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលកន្លងមក តែងតែចូលរួមសហការ ជាមួយ ប.ស.ស. ពិសេសអង្គការអន្តរជាតិ ខាងការងារ (ILO), អង្គការហ្រ្គេត (GRET), ទីភ្នាក់ងារបារាំង ដើម្បីការអភិវឌ្ឍ (AFD), មូលនិធិ Weave Our Future, និង សមាគមកិច្ចគាំពារ សុខភាពសង្គម (SHPA) ដែលបានចូលរួមចំណែក គ្រប់សកម្មភាព និងមានស្មារតី ទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់នូវជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ ធ្វើឱ្យ ប.ស.ស. ទទួលបាននូវលទ្ធផល គួរជាទីមោទនៈ រហូតមកដល់ពេលនេះ។
គួរឱ្យដឹងផងដែរថា គម្រោង SPIN (SPIN Project) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយមានការចូលរួមពី សមាគមកិច្ចគាំពារសុខភាពសង្គម (SHPA) និង អង្គការអន្តរជាតិខាងការងារ (ILO) រួមទាំងដៃគូអភិវឌ្ឍន៍នានា ដោយមានការឧបត្ថម្ភគាំទ្រ ដោយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិ Weave Our Future។ ការបង្កើតឱ្យមានគម្រោងនេះឡើង គឺដើម្បីរួមចំណែក ក្នុងការពង្រីកវិសាលភាព នៃរបបថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រជាជននៅទីក្រុង ដែលងាយរងគ្រោះរួមមាន៖ អ្នកបើកបរម៉ូតូរ៉ឺម៉ក និង អ្នកបម្រើក្នុងផ្ទះជាដើម ក្នុងរាជធានីភ្នំពេញ ហើយគម្រោងនេះ នឹងត្រូវបញ្ចប់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃ ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីតំណាង អង្គការអន្តរជាតិខាងការងារ (ILO), អង្គការហ្រ្គេត (GRET), ទីភ្នាក់ងារបារាំង ដើម្បីការអភិវឌ្ឍ (AFD), មូលនិធិ Weave Our Future, សមាគមកិច្ចគាំពារ សុខភាពសង្គម (SHPA), និងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណជាង ៣០នាក់ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)៕