ភ្នំពេញ ៖ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានសម្រេចបិទ ការចេញ-ចូលជាបណ្ដោះអាសន្ន ក្នុងបរិវេណផ្សារសាមគ្គី ដែលស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទ ជូនដំណឹងនេះ រហូតដល់មានការជូនដំណឹង ជាថ្មីឡើងវិញ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ឧសភានេះ បានឲ្យដឹង ថា ការសម្ដេចបិទបន្ទាប់ ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ និងបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។ ក្នុងចំណោមអ្នកទាំង៣នាក់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ ស៊ុ សុធា ភេទស្រី អាយុ៥០ឆ្នាំ ដែលមានអាសយដ្ឋាន នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាអាជីវករលក់កាហ្វេ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលរួម ពិធីបុណ្យសព សាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មក ខេត្តសៀមរាបវិញ តាមរថយន្តក្រុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវ ដល់ប្រជាពលរដ្ឋពាក់ព័ន្ធ ដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមាន ឬធ្លាប់ចូលទិញ កាហ្វេពីទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារសាមគ្គី ចាប់ ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ៕