ព័ត៌មានជាតិ

ក្រសួងអប់រំប្រជុំរួចហើយ ត្រៀមបើកសាលាឡើងវិញ ក្រោយចប់ ព្រឹត្តិការណ៍២០កុម្ភៈ (Video)

ភ្នំពេញ ៖ “ក្រសួងអប់រំ យុវជន និងកីឡាបានប្រជុំ កំណត់រួចជាស្រេច នូវយុទ្ធសាស្ត្រត្រៀម បើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ។

បើតាមលោក រស់ សុវាចាដដែល ដែលប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២៦ ឧសភានេះ ថា ជារួមការ បើកសាលារៀនឡើងវិញ នាពេលណាមួយខាងមុខនេះ គឺផ្តោតលើគោលការណ៍ សុវត្ថិភាពសុខភាពជាចម្បង ឲ្យស្របទៅនឹងវិធានការ សុខាភិបាល ដើម្បីលើកម្ពស់គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ ។

ចំពោះព័ត៌មានពាក់ព័ន្ធការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធណាមួយ លោកថា ក្រសួង នឹងជម្រាបជូនសាធារណជន នាពេលក្រោយទៀត។

អ្នកនាំពាក្យក្រសួងអប់រំ ឲ្យដឹងទៀតថា នៅចំពោះមុខនេះ សិស្សានុសិស្សនៅទូទាំង២៥ខេត្ត-រាជធានីត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និងអាចរៀនអនឡាញ បានតាមរយៈមាតិកាឌីជីថល របស់ក្រសួង ដូចជា ៖ កម្មវិធីស្វ័យសិក្សា MoEYS E-Learning ដែលមានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល សៀវភៅកំណែ អំណានទូទៅ ចំណេះដឹងសាកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាព សិស្ស និងទំព័រព័ត៌មានអប់រំ។

ក្នុងនោះសិស្សទាំងឡាយអាចទាញ យកកម្មវិធីស្វ័យសិក្សានេះ ដាក់ក្នុងទូរស័ព្ទដៃពី App Store, Google Play និង AppGallery។
មួយទៀតអាចសិក្សា តាមបណ្ដាញ YouTube ផ្លូវការរបស់ក្រសួង ៖ www.youtube.com/moeyscambodia ។ គេហទំព័រគ្រូរបស់ក្រសួង៖ www.krou.moeys.gov.kh ។ ទំព័រហ្វេសប៊ុកគ្រូរបស់ក្រសួង៖ www.facebook.com/krou.moeys.gov.kh និងមជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិក របស់ក្រសួង៖ www.elearning.moeys.gov.kh៕

To Top