ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-ក្រសួងពាណិជ្ជកម្ម នឹងពិន័យជាប្រាក់ ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្ត អំពើល្មើសទៅនឹងច្បាប់ស្ដីពី វិធានពាណិជ្ជកម្មមួយចំនួន ។ ការអនុវត្តវិធានការនេះ ក្រោមសមត្ថកិច្ចក្រសួងពាណិជ្ជកម្ម ។
តាមសេចក្ដីប្រកាសអន្ដរក្រសួងស្ដីពី «ការពិន័យជាប្រាក់ ដែលស្ថិតក្រោមសមត្ថកិច្ច របស់ក្រសួងពាណិជ្ជកម្ម» ចេញផ្សាយនាពេលថ្មីៗនេះថា «ការពិន័យជាប្រាក់ ដែលស្ថិតក្រោមសមត្ថកិច្ច របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានអនុវត្ត ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តអំពើល្មើសទៅនឹងច្បាប់ស្ដីពី វិធានការពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែង មិនស្មោះត្រង់ ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិច ព្រមទាំង លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន» ។
ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំគម្រោងចំណូល ពីការពិន័យទៅតាមប្រភេទបទល្មើសនីមួយៗ ដែលចែងក្នុងប្រកាស២ នៃប្រកាសអន្ដរក្រសួងនេះ ដើម្បីដាក់បញ្ជូលទៅក្នុងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ។ នៅក្នុងឆ្នាំអនុវត្ត ច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ក្រសួងពាណិជ្ជកម្ម ត្រូវប្រមូលចំណូលពីការពិន័យ បង់ចំណូល និងកត់ ត្រាជាចំណូលថវិកាថ្នាក់ជាតិ ៕