ព័ត៌មានជាតិ

កម្ពុជា មានគោលដៅចាក់វ៉ាក់សាំង ជូនប្រជាជនឱ្យបាន ១០លាននាក់ នៅត្រឹមខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅសម្រេចឱ្យបានការចាក់វ៉ាក់សាំងជូនប្រជាជន ចំនួន១០លាននាក់ ក្នុង ចំណោម ១៦លាននាក់ នៅត្រឹមខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល។

ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៤ (WHA74) ចាប់ពីថ្ងៃទី២៤ ឧសភា រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធវីដេអូសន្និសីទ (Video Conference) លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជាគ្រប់គ្រងការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យពេញមួយឆ្នាំ២០២០ ដោយមានករណីជាវិជ្ជមានតិចជាង ៥០០ករណី និងគ្មានអ្នកស្លាប់។

លោកបន្ដថា ដូចនឹងប្រទេសជាច្រើនទៀតដែរ វីរុសកូវីដ-១៩ នៅតែចរាចរក្នុងប្រទេសកម្ពុជា។ លោកថា កម្ពុជាកំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ឈប់ការចម្លងវីរុសកូវី-១៩ តាមរយៈការអនុវត្ត «៣ការពារ ៣កុំ»។ មេរៀនជាបទពិសោធន៍ អាចឲ្យកម្ពុជាដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យ ដើម្បីធានាបានទាំងសុខភាពសាធារណៈ និងដំណើរការសេដ្ឋកិច្ច ដែលប្រការនេះ ទាមទារ ឲ្យមានការដាក់ចេញនូវ «អភិក្រមវិស័យសុខាភិបាល លើសពីការគិតត្រឹមសុខភាព និងការវិនិយោគប្រកបដោយភាពច្នៃប្រឌិត» មួយចំនួនសម្រាប់អនាគត។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញឲ្យអនុវត្តយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គម សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព។

លោក បញ្ជាក់ថា «យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បាននិងកំពុងដំណើរការយ៉ាងសកម្ម ក្នុងគោលដៅសម្រេចឲ្យបានការចាក់វ៉ាក់សាំងជូនប្រជាជនចំនួន ១០លាននាក់ ក្នុងចំណោម ១៦លាននាក់ នៅខែមិថុនា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃនេះប្រជាជនជាង២លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយ រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាល មនុស្សចាស់ ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា និងក្រុមងាយរងគ្រោះផ្សេងទៀត»។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី លើកឡើងថា កម្ពុជា នឹងបន្តសហការជាមួយ បណ្តាប្រទេសនានា អង្គការសុខភាពពិភពលោក និងដៃគូទាំងអស់ ដើម្បីអនាគតកាន់តែប្រសើរ ឈានទៅសម្រេចពិភពលោក ប្រកបដោយសុខភាព និងសុវត្ថិភាពបំផុត។ ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតប ជាសកលចំពោះជំងឺកូវីដ-១៩៕

To Top