ភ្នំពេញ៖ មន្រ្តីសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថាស្រ្តីវ័យចំណាស់ ដែលមានវិជ្ជមានកូវីដ១៩ ឈ្មោះ ស៊ិន សាវឿន បានទទួលមរណភាពហើយ នាម៉ោង១២និង១០នាទីថ្ងៃទី ២៦ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីចូល សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៣ ខែឧសភា ។
លោក ឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានប្រកាសព័ត៌មាន តាមផេកផ្លូវការរបស់មន្ទីរសុខាភិបាលថា ក្រោយពីស្លាប់ភ្លាមៗ ក្រុមគ្រូពេទ្យបានបញ្ជូនសពមកបូជាភ្លាមៗ នារសៀលថ្ងៃដដែលនៅទីតាំង ដែលរដ្ឋបាលខេត្តរៀបចំទុកសម្រាប់ បូជាសពអ្នកជំងឺកូវីដ១៩ នៅវត្តភ្នំគីរីសារវ័ន្ទ ហៅភ្នំស្លឹក ស្ថិតនៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងចម្ងាយ ៣០គីឡូម៉ែត្រពីក្រុងបាត់ដំបង។
លោក បញ្ជាក់ថាអ្នកជំងឺកូវីដ១៩ វ័យ៧០ឆ្នាំ រស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែល ស្លាប់បាត់បង់ជីវិតនេះ មានអ្នកពាក់ព័ន្ធចំនួន ៤២នាក់ ដែលក្នុងនោះសមាជិកគ្រួសារប៉ះ ពាល់ ផ្ទាល់ចំនួន១៣នាក់ បានធ្វើសំណាករកឃើញ វិជ្ជមានកូវីដ១៩ ចំនូន៥នាក់ និង អ្នកប៉ះពាល់ប្រយោល ចំនួន២៩នាក់ ។
លោកឱសថបណ្ឌិត វឿង ប៊ុនរេត បញ្ជាក់ថានេះជាករណីអ្នកជំងឺកូវីដ១៩ ស្លាប់លើកទី១ហើយសម្រាប់ ប្រជាពលរដ្ឋ រស់នៅខេត្តបាត់ដំបងផ្ទាល់ ៕