ភ្នំពេញ៖ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាស្ថាបនិកបង្កើត គណបក្សកែទម្រង់កម្ពុជា ឡើងក្រោយពីលោកបានទទួល សិទ្ធិនយោបាយឡើងវិញ មានគម្រោងបន្តហៅក្រុមមន្រ្តីផ្សេងទៀត បានសុំសិទ្ធិធ្វើនយោបាយ មករួមជាមួយគ្នានៅក្នុងបក្សថ្មីនេះ ។
គម្រោងបន្តការហៅមន្រ្តីនៃ អតីតគណបក្សសង្រ្គោះជាតិ បន្ទាប់មន្រ្តីខ្លះៗបានស្ម័គ្រចិត្តរួចហើយ។ ឃើញថា ក្រោយបើកសិទ្ធិឲ្យសុំធ្វើនយោបាយឡើងវិញ មានមន្រ្តីជាបន្តបន្ទាប់បានដាក់ លិខិតបំពេញបែបបទសុំសិទ្ធិដូចជា ៖ លោក ប៉ុល ហំម លោក ញ៉ែម ប៉ុញ្ញឬទ្ធិ លោកមុត ចន្ថា លោកស្រី លីស្រី វិណា និងមន្រ្តីមួយទៀត។
ឆ្លើយតបជាមួយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលអំពី គណបក្សកែទម្រង់កម្ពុជាដែលលោក អ៊ូ ច័ន្ទរ័ត្ន ជាស្ថាបនិកបង្កើតឡើងនោះ តើមកដល់ពេលនេះ មានមន្រ្តីសុំសិទ្ធិធ្វើនយោបាយឡើងវិញ បានមកចូលរួមជាមួយប៉ុន្មាននាក់ហើយ? លោកថា មិនទាន់ដឹងចំនួនប៉ុន្មាននាក់ទេ ប៉ុន្តែមានមន្រ្តីមួយចំនួនមិនជាប់ បម្រាមក្លាយជាសមាជិកហើយ។
លោកបញ្ជាក់ថា “ការពិតយើងកំពុងជជែកគ្នាបន្តទៀត ជាមួយមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ដើម្បីមករួបរួមនៅក្នុង គណបក្សកែទម្រង់កម្ពុជា”។
ចំពោះមតិរបស់មន្រ្តីជំនិតរបស់លោក សម រង្ស៊ីលើកឡើងថា ការដែលមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ សុំសិទ្ធិធ្វើនយោបាយឡើងវិញ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះនោះ លោកមានយោបល់ថា មិនយល់ឃើញដូចពួកគេ លើកឡើងបែបនេះទេ ព្រោះលទ្ធិប្រជាធិបតេយ្យកម្ពុជាមក ទល់បច្ចុប្បន្នដូចគ្មានអ្វីប្រសើរសោះ។ អ្វីដែលសំខាន់ត្រូវរួមកំលាំង នយោបាយឲ្យទៅជាប៉ូលថ្មីមួយ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរ បើមិននាំគ្នាធ្វើអ្វីទេមិនអាច ស្តារឡើងវិញបានឡើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» ។ គណបក្សមានទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ៕