ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ៖ ក្រុមកម្មករ សម្រុកចេញ ពីកន្លែងធ្វើការ មកពីពួកគាត់យល់ច្រឡំ ស្មានយកសំណាក (Video)

ភ្នំពេញ ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើការបកស្រាយថា កម្មករ-កម្មការិនី ជាច្រើនរូបនាំគ្នាសម្រុកចេញ ពីកន្លែងធ្វើការងាររបស់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយសារមកពីពួកគាត់ យល់ច្រឡំស្មានថា ក្រុមគ្រូពេទ្យមកយកសំណាកពួកគាត់ ក្រោយរោងចក្រក្បែរនោះ មានកម្មករឆ្លងជំងឺកូវីដ១៩ ។

អភិបាលខេត្តស្វាយរៀងបន្ដថា ការសម្រុកចេញពីកន្លែងការងារនោះ ក៏ស្របពេលពួកគាត់ ដល់ម៉ោងចេញពីធ្វើការ។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានកម្មករ-កម្មការិនី ជាច្រើនរយនាក់បាននាំគ្នា សម្រុកចេញពីរោងចក្រមួយកន្លែង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីក្រុមគ្រូពេទ្យ រកឃើញកម្មកររោងចក្រ អេ អេន ជេ ខេមបូឌា (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩។

លោក ម៉ែន វិបុល ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមគ្រូពេទ្យទៅយកសំណាកកម្មករនៅរោងចក្រ A and J ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១០៨នាក់ ហើយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៤នាក់ ក្រោយមកក្រុមគ្រូពេទ្យ ក៏បានដឹកយកទៅព្យាបាលភ្លាមៗ ផងដែរ។

លោកឲ្យដឹងទៀតថា កម្មករ-កម្មការិនី នាំគ្នាសម្រុកចេញពីកន្លែងធ្វើការងារនោះ មិនមែនរោងចក្រ A and J ឡើយ គឺពួកគាត់នៅរោងចក្រផ្សេងគ្នា គ្រាន់តែស្ថិតនៅក្បែរនោះដែរ។

អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានបញ្ជាក់ថា «ពួកគាត់យល់ច្រឡំ ព្រោះគ្រូពេទ្យយកសំណាក តែរោងចក្រ A and J ហើយរោងចក្រផ្សេងទៀត មិនយកសំណាកឡើយ ពួកគាត់យល់ច្រឡំថា ស្មានគេយកសំណាក ពួកគាត់ទៀត ហើយស្របពេលដល់ម៉ោង ពួកគាត់ចេញពីធ្វើការងារដែរ»៕

To Top