ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ដែលជិះម៉ូតូជ្រេពេញផ្លូវ បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ ក៏ដូចពីអ្នកប្រើប្រាស់បណ្តាញ សង្គមនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ និងធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាព ។ នេះបើតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកនូវរូបភាពឃ្លីបវីដេអូ មនុស្សស្រីម្នាក់ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បើកជ្រេពេញផ្លូវ បង្កឲ្យអ្នកធ្វើដំណើរចាប់អារម្មណ៍ និងសម្តែងការហួសចិត្ត ចំពោះសកម្មភាពមួយនេះ ។
ក្រោយទទួលបានព័ត៌មាននេះ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់សមត្ថកិច្ច នគរបាលស្រុកមោងឫស្សី ដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវជាបន្ទាន់ ។
បន្ទាប់មក នៅរសៀលថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ក៏បានស្វែងរកឃើញជាក្មេងស្រី មានអាយុទើបតែ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី ។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងបានប្រគល់ ជូនអាណាព្យាបាលអប់រំ នៅមូលដ្ឋានបន្តទៀត ។
ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានអំពាវនាវដល់យុវជន យុវតីផ្សេងទៀតកុំយកគំរូ ដែលមិនល្អ ដូចក្នុងករណីមួយនេះ ដែលនាំបង្កឲ្យ ប៉ះពាល់ដល់កិត្តិយស បុគ្គលក៏ដូចក្រុមគ្រួសារ ផងដែរ៕