ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា ៖ ក្រសួងអប់រំគួរណែនាំសាលាឯកជន ឲ្យបញ្ចុះតម្លៃសិក្សា៥០% ដើម្បីសម្រួលពលរដ្ឋ បាត់បង់ប្រាក់ចំណូល

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡាគួរចេញគោលការណ៍ណែនាំ ដល់សាលាឯកជនទាំងអស់ ឲ្យបញ្ចុះតម្លៃសិក្សាយ៉ាងតិចបំផុត៥០ភាគរយ ដើម្បីជួយសម្រួលដល់ពលរដ្ឋដែលបាត់បង់ប្រាក់ចំណូល ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៨ ឧសភានេះ លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា «ក្រសួងអប់រំ គួរចេញគោលការណ៍ណែនាំដល់សាលាឯកជនទាំងអស់ ឲ្យបញ្ចុះតម្លៃសិក្សាយ៉ាងតិចបំផុត ៥០ ភាគរយ ដើម្បីជួយសម្រួលដល់ពលរដ្ឋដែលបាត់បង់ប្រាក់ចំណូល ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូត មកដល់បច្ចុប្បន្ននេះ នៅមិនទាន់អាចចេញទៅបំពេញការងារ ឬប្រកបមុខរបរអោយបាន ពេញលេញនៅឡើយនោះទេ» ។

លោកបន្ថែមថា ការសិក្សាតាមប្រព័ន្ធអនឡាញ មិនមានគុណភាព ដូចការសិក្សានៅក្នុងថ្នាក់រៀន ដោយផ្ទាល់ឡើយ ប៉ុន្តែតម្លៃសិក្សាវិញសាលាមិនយល់យោគដល់អាណាព្យាបាល សិស្សានុសិស្សនោះទេ ទោះបីដឹងថា ពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ស្ថិតក្នុងការបិទខ្ទប់ក៏ដោយ មិនអាចចេញទៅប្រកបមុខរបរអ្វីបានក៏ដោយ ។

លោកគូសបញ្ជាក់ថា «ដូច្នេះ ខ្ញុំ សូមស្នើ ដល់ថ្នាក់ដឹកនាំក្រសួងអប់រំ ពិនិត្យមើលបញ្ហានេះផង ។ តើមានអាណាព្យាបាលប៉ុន្មាននាក់ ដែលកំពុងប្រឈម និងការបង់ថ្លៃសិក្សាសម្រាប់កូនៗ របស់ខ្លួន?» ៕

To Top
×