ព័ត៌មានជាតិ

ព្រៃលិចទឹក ក្នុងស្រុកមោងឫស្សី រាប់ពាន់ហិកតា បន្តរងការកាប់ទន្ទ្រាន ឥតឈប់ឈរ ពីសំណាក់ជនខិលខូច ខណៈវិធានការបង្រ្កាប របស់អាជ្ញាធរ ខេត្តបាត់ដំបង ហាក់គ្មានប្រសិទ្ធភាព (Video)

បាត់ដំបង ៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់ពាន់ហិកតា កំពុងរងការកាប់បំផ្លាញឥតឈប់ឈរ ទាំងរដូវប្រាំង និងរដូវវស្សា ពីសំណាក់ជនខិលខូច ជាបន្តបន្ទាប់ ខណៈលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ហាក់គ្មានវិធានការ ទប់ស្កាត់និង ចុះបង្រ្កាបសោះឡើយ ។

ពលរដ្ឋរស់នៅជិតតំបន់ព្រៃលិចទឹក កំពុងរងការកាប់ទន្ទ្រាន ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី បានលើកឡើងថា ព្រៃលិចទឹកជាច្រើនចំណុច ត្រូវជនខិលខូចមួយចំនួន បានប្រើប្រាស់គ្រឿងចក្រ ត្រាក់ទ័រ ធ្វើការឈូសឆាយ ជាហូរហែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាយប់មិនថាថ្ងៃ និងបានប្រើប្រាស់សកម្មភាព បំភាន់ភ្នែកអាជ្ញាធរ តាមរូបភាពផ្សេងៗ ។

ពលរដ្ឋបានបន្តថា ដោយរូបភាព បំភាន់ផ្នែកនោះ គឺពួកគេបានធ្វើការឈូសឆាយ ភ្ជួររាស់ដីព្រៃបណ្ដើរ ហើយធ្វើការ ព្រោះស្រូវបណ្ដើរ ធ្វើដូចជាខ្លួនបានអាស្រ័យផល លើដីនោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែការពិត គឺជាដីព្រៃថ្មី មិនធ្លាប់អាស្រ័យផលសោះ ។

ប្រភពបានបន្ថែមថា សម្រាប់ចំណុចត្រូវជនទាំងអស់នោះ កំពុងកាប់ទន្ទ្រានជាបន្តបន្ទាប់ មាននៅបឹងកំភ្លាញក្នុង បឹងកំភ្លាញក្រៅ អូរចុងតាចាន់ ខ្ទមតូច រាងអង្ក្រង បឹងបណ្ដែតគល់ បឹងទឹកល្អក់ បឹងទឹកថ្លាជាដើម ហើយតំបន់ទាំងនោះខ្លះស្ថិតក្នុងភូមិអង្គ្រង និងខ្លះនៅភូមិដូនទ្រី ។

ប្រភពដដែលបន្ថែមថា ជនខិលខូចដែលកំពុងកាប់ទន្ទ្រានដីព្រៃលិចទឹកនោះត្រូវបានគេស្គាល់ថាមានឈ្មោះ ឃឿត ជាអ្នកចាំទិញដីដែលបានឈូសឆាយរួច , ឈ្មោះ ដាង សាវ៉េត មន្រ្តីយោធាស្រុក , ឈ្មោះ សែម បូរ ប្រធានសហគមន៍ដូនទ្រី , ឈ្មោះ អ៊ី សេងហុង មន្រ្តីយោធាភូមិភាគ៥, ឈ្មោះ ម៉ូត ឌី ,ម៉ូត ស្រី, ម៉ូត ឆើត , ឈ្មោះ ចៀវ , ឈ្មោះ ឈុំ រៀន ជាប្រជាពលរដ្ឋរស់នៅភូមិដូនទ្រី និងមានមន្រ្តី សាលាស្រុកមោង មន្រ្តីប៉េអឹមស្រុក និងយោធាស្រុក មួយចំនួនទៀតផងដែរ ។

តាមប្រភពពីមន្ត្រីសាលាស្រុកមោងឫស្សី បានឲ្យដឹងថា ចំពោះបញ្ហាការកាប់ទន្ទ្រាន នៅភូមិសាស្ត្រឃុំជ្រៃនេះ ពិតជាបានកើតឡើងមែន ដោយពេលខ្លះអាជ្ញាធរ ក៏ចាប់គ្រឿងចក្រ ដែលកំពុងឈូសឆាយ បានជាបន្តបន្ទាប់ និងបានបញ្ជូនទៅតុលាការផងដែរ ។

បើតាមរបាយការណ៍របស់ លោក ទេព ហន អភិបាលស្រុកមោងឫស្សី ផ្ញើជូនអភិបាលខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២០ បានបញ្ជាក់ថា ដីព្រៃលិចទឹកក្នុងតំបន់៣ ក្នុងមូលដ្ឋានស្រុកមោងឫស្សីមានជាង២ពាន់ហិកតា ត្រូវបានជនខិលខូចទន្ទ្រានកាន់ ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា កាលពីសប្ដាហ៍កន្លងទៅនេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បញ្ហានៅមានការលួចកាប់ ទន្ទ្រាននេះ ដោយសារមានភាព មិនច្បាស់លាស់ ដូចជាមានការដាំបង្គោល នៅរង្វើលឆ្ងាយៗ ខណៈខេត្តបាត់ដំបង មានដីព្រៃលិចទឹកប្រមាណ ៤០គីឡូម៉ែត្រ ដាំបង្គោលបានតែជាង ១០០ដើម ដោយបញ្ហានេះហើយ ទើបពលរដ្ឋឆ្លៀតឱកាសកាប់ឈូសឆាយ ព្រៃយកដីធ្វើស្រែ ។

លោកបន្តថា ចំពោះការទប់ស្កាត់នេះ សម្រាប់អាជ្ញាធរខេត្តមានអំណាច បានត្រឹមយន្តការអប់រំ និងការសម្រេចយ៉ាងណា លើក្រសួងស្ថាប័នជំនាញ ហើយបញ្ហាមួយទៀត មានករណីខ្លះដីដែលកាប់ទន្ទ្រានរួចហើយនោះ ពលរដ្ឋសុំអាស្រ័យផលបន្ត ពេលរដ្ឋត្រូវការពេលណា អាចដកហូតបានពេលនោះ ។
ពាក់ព័ន្ធបញ្ហាប្រជាពលរដ្ឋ សូមស្នើទៅកាន់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទមេត្តាចុះពិនិត្យមើល និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាផង ព្រោះរាល់ថ្ងៃនេះ តំបន់ព្រៃលិចទឹកមួយ ភាគធំមានតែឈ្មោះប៉ុន្តែគ្មានរូបរាងឡើយ។
គួរបញ្ជាក់ថាការលួចកាប់ទន្ទ្រានដី កាន់កាប់ព្រៃលិចទឹកក្នុងមូលដ្ឋាន ខេត្តបាត់ដំបង នេះមិនមែនកើតមានតែនៅស្រុកមោងឫស្សីនោះទេ គឺកើតឡើងនៅស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោលផងដែរ ៕

To Top