ភ្នំពេញ ៖ ក្រោយមានការលើកឡើងថា ប្រជាពលរដ្ឋដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ជាសេណារីយោ នយោបាយនោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជន កម្ពុជា បានតបទៅវិញថា អ្នកនិយាយបែបនេះ គឺចេញចរឹកមក ប្រមាថអាយុជីវិត អ្នកដែលរងគ្រោះ ដោយកូវីដ១៩ហើយ ។
អ្នកដែលអ្នកនាំពាក្ យគណបក្សប្រជាជនកម្ពុជា និយាយដល់នោះ គឺកាសែតឌឹខេមបូឌាដេលី (The Cambodia Dally) កាសែតនេះ បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ដោយដាក់ចំណងជើងថា “គណបក្សក្រៅរដ្ឋាភិបាលថា បញ្ហា Covid-19នៅកម្ពុជា ត្រូវបានគេរិះគន់ថា កំពុងស្ថិតក្នុងសេណារីយោ នយោបាយ” ។
ក្រោយឃើញបែបនេះ លោក សុខ ឥសាន បានថ្លែងបកតាមបណ្តាញតេឡេក្រាម នាថ្ងៃ២៧ ឧសភាដែរថា “កាសែតខេបូឌាដេលីថា អ្នកស្លាប់ដោយកូវីដ១៩គឺជាសេណារីយោ នយោបាយនោះសំដីបែបនេះ គឺជាការប្រមាថមើលងាយ អាយុជីវិត ពលរដ្ឋជាអ្នករងគ្រោះដោយកូវីដ១៩ ដែលត្រូវកាសែតមួយនេះ យកទៅលេងសើចខាងនយោបាយ” ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំង ទៅលើបញ្ហាកូវីដ១៩នេះ ដោយគ្មានការធ្វេសប្រហែសឡើយ ។ ក្នុងនោះរាជរដ្ឋាភិបាល បានដាក់គោលដៅ សម្រេចឲ្យបានការចាក់វ៉ាក់សាំង ជូនប្រជាជនចំនួន ១០លាននាក់ ក្នុងចំណោម ១៦លាននាក់ នៅត្រឹមខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង២លាននាក់ ហើយបានទទួលវ៉ាក់សាំងកូវីដ១៩៕