ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាំអំណោយជាសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តកណ្ដាល និងមន្ទីរពេទ្យជ័យជំនះ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ឧសភានេះ បាននាំយកអំណោយជាសម្ភារ មានអាវពេទ្យ និងម៉ាស ជូនដល់រដ្ឋបាលខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកជ័យជំនះ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ។

សម្ភារដែលប្រគល់ជូន រដ្ឋបាលខេត្តកណ្តាលមានអាវពេទ្យចំនួន ១,០០០ឈុត និងម៉ាស ១០០,០០០ម៉ាស និងមន្ទីរពេទ្យបង្អែកជ័យជំនះចំនួន ៦០០ឈុត និងម៉ាសចំនួន ២៤,០០០ម៉ាសផងដែរ ។

ក្នុងឱកាសនោះ លោក គង់ សោភ័ណ្ឌ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ។

លោកអភិបាលខេត្តបន្តថា ទឹកចិត្តប្រកបដោយសប្បុរសធម៌ និងគុណធម៌ របស់លោកឧបនាយករដ្ឋមន្ត្រី លោកស្រី នឹងត្រូវបានចងចាំទុកដោយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដដែលនោះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយសម្ភារៈការពារជំងឺកូវីដ-១៩ ជូនឃុំទាំង១២ នៃស្រុកស្អាង មន្ទីរពេទ្យបង្អែកស្រុកស្អាង រដ្ឋបាលស្រុកស្អាង និងជូនប្រជាពលរដ្ឋជួបការលំបាកចំនួន១២០ គ្រួសារ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាលផងដែរ ៕

To Top