ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងបន្តគិតគូរវែងឆ្ងាយ អំពីចក្ខុវិស័យនៃកំណែទម្រង់ស៊ីជម្រៅ លើការផ្តល់សេវាសាធារណៈ ដើម្បីឈានឆ្ពោះទៅរកគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។

ក្នុងប្រជុំពិនិត្យពិភាក្សាលើការប្រមូលធាតុចូលពីគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពជំនាញក្រោមឱវាទរបស់ក្រសួងសម្រាប់រៀបរៀងសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ផ្នែកវិស័យសាធារណការ និងដឹកជញ្ជូន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តអង្គប្រជុំទាំងមូល ចូលរួមឱ្យបានផុលផុស ក្នុងការផ្ដល់ធាតុចូលសម្រាប់ សេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២១-២០៣០ ផ្នែកវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យគោលនយោបាយនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតប នឹងផែនការគោលនយោបាយរបស់ក្រសួង ក៏ដូចជាផែនការ អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលផងដែរ។

លោក បញ្ជាក់ថា «អង្គប្រជុំបានជជែកពិភាក្សាយ៉ាងល្អិតល្អន់ និងគិតគូរវែងឆ្ងាយអំពីចក្ខុវិស័យរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងកំណែទម្រង់ស៊ីជម្រៅ ដើម្បីឈានឆ្ពោះទៅរកគោលនយោបាយ រដ្ឋាភិបាល ឌីជីថលកម្ពុជា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងសម្រេចបានជោគជ័យគួរជាទីមោទនៈ លើការកែទម្រង់ស៊ីជម្រៅ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអនឡាញក្នុងការផ្តល់សេវា សាធារណៈមួយចំនួនជូន បងប្អូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់»។

សូមជម្រាបថា តាមការចាត់តាំងពីថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ដើរតួនាទីជាសេនាធិការក្នុងការសម្របសម្រួលលើការប្រមូល ធាតុចូលសម្រាប់សេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ផ្នែកវិស័យ សាធារណការ និងដឹកជញ្ជូន។
បច្ចុប្បន្ន ក្រសួងសាធារណការ បាននិងកំពុងរៀបចំផែនការ មេបច្ចេកវិទ្យាសម្រាប់វិស័យ សាធារណការ និងដឹកជញ្ជូន ដើម្បីឆ្លើយតបទៅនឹងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការបង្កើនទំនុកចិត្តប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២១-២០៣០ និងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលផងដែរ៕
