នយោបាយ

ជារឿងចម្លែកណាស់ បើកម្ពុជា មិនលម្អៀងទៅចិន!

“បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា?” ជាឃ្លាប្រយោគ ដែលបានចាក់ដោត នៅក្នុងបេះដូង របស់ប្រជាជនកម្ពុជា ឱ្យរំភើប និងភ្ញាក់គំនិតគិតសារជាថ្មី ចំពោះបេះដូងមហាសមុទ្រ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែង គិតគូរយកចិត្តទុកដាក់ ដល់វាសនារបស់ប្រជាជនកម្ពុជា ក៏ដូចជាអនាគត របស់ប្រទេសជាតិ ។ នេះជាការឆ្លើយតបទៅនឹងភាព មន្ទិលនិងការរិះគន់ ដែលថា កម្ពុជាលម្អៀង ឬពឹងពាក់ខ្លាំងទៅខាងចិន ។

ដោយមិនបាច់គិតទៅដល់ផល ប្រយោជន៍ទៅវិញទៅមក នៃនយោបាយ ការទូត ឬសេដ្ឋកិច្ច … បើយើងងាកមកគិតផ្អែក តាមចិត្តសាស្រ្តវិញ នោះមិនមានអ្វីគួរឱ្យឆ្ងល់នោះទេ គឺថាអ្នកណាល្អនឹងយើង រាប់អានយើង ជួយជ្រោមជ្រែងយើង … ក្នុងឱកាសដែលយើង កំពុងតែលំបាកលំបិន ត្រូវការអ្នកចាប់ដៃងើបឈរឡើង គឺច្បាស់ណាស់ថាចិត្តរបស់យើងនឹងលំអៀង គោរពស្រឡាញ់អ្នកនោះ ដោយស្វ័យប្រវត្តិ នេះគឺជាទឹកចិត្ត និងមនោសញ្ចេតនា របស់បុគ្គលដ៏ប្រពៃ ប្រកបដោយសុទិដ្ឋិនិយម ។ រូបមន្តនៃសេចក្ដីគោរពស្រឡាញ់ ដ៏យូរអង្វែងគឺ ការឱ្យ និង ការទទួល ទៅវិញទៅមក ។ ដូច្នេះការជួយជ្រោមជ្រែងផ្ដល់ជំនួយ ផ្សេងៗលើគ្រប់វិស័យរបស់ចិន មកឱ្យកម្ពុជា គឺជាការពិតដែលមិន អាចប្រកែកបាន ក្នុងការដែលកម្ពុជា ត្រូវតែគោរពស្រឡាញ់រាប់អានចិន ជាមិត្តដ៏ស្និទ្ធស្នាល ជាមិត្តដ៏យល់ចិត្ត ហើយឆ្លើយតបទៅវិញ ដោយការគាំទ្រ នូវគោលនយោបាយចិនតែមួយ ឬនយោបាយឈ្នះឈ្នះ របស់មហាមិត្តចិន ។ អ្វីដែល ជាក្រឹតក្រម សត្យានុម័ត នៃការសម្រេចចិត្តរឹតបន្តឹង ចំណងមិត្តភាពដោយការ ទៅពឹងពាក់ចិននោះគឺ សម្ដេចបញ្ជាក់ថា “អ្នកណាហុចដៃមក គឺយើងខ្ញុំទទួល អ្នកផ្តល់ឱ្យយើងខ្ញុំ ខ្ញុំទទួល” អ្នកដែលឱ្យដ៏ពិតប្រាកដ ឱ្យដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមិនមានលក្ខខណ្ឌនោះ គឺមហាមិត្តចិននេះឯង ។
កន្លងមកជំនួយទាំងអស់នេះ គឺបានជួយស្រោចស្រង់ប្រទេសកម្ពុជា ដែលត្រូវបានងើបផុតពីសង្គ្រាមរុំារ៉ៃ ឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ និងអាចធ្វើឱ្យកម្ពុជាបានបង្អួតមុខមាត់ លើឆាកអន្តរជាតិបានរហូតដល់បច្ចុប្បន្ននេះ ។

ក្នុងឆ្នាំ១៩៩៦ ក្នុងឱកាសធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិនលើកដំបូង សម្ដេច ហ៊ុន សែន បានជួបជាមួយ ឯកឧត្ដម ហ្សាង ហ្ស៊ីមីន ដែលជាអគ្គលេខាធិការ ក៏ដូចជាប្រធានរដ្ឋចិន ហើយលោក ហ្សាង ហ្ស៉ីមីង បានបង្ហាញនូវការគោរព និងផ្ដល់តម្លៃខ្ពស់ស្មើមុខស្មើមាត់ ដោយបានហៅសម្ដេចថា ជាមិត្តចាស់របស់ចិន បើទោះបីសម្ដេចតំណាង ឱ្យប្រទេសដ៏តូចមួយក៏ដោយ ។
ក្នុងឱកាសនោះហើយ ដែលសម្ដេចយល់កាន់តែស៊ីជម្រៅ អំពីទឹកចិត្តដ៏កក់ក្ដៅរបស់ថ្នាក់ដឹកនាំចិន គឺថា “ចិនមិនត្រូវការអ្វីពីកម្ពុជានោះទេ ប៉ុន្តែអ្វីដែលចិនត្រូវការ គឺការស្មោះត្រង់ជាមួយគ្នា គឺមិនចាប់ដៃជាន់ជើង” ។ ជាពិសេសសម្ដេច ក៏ធ្លាប់បានលើកឡើងដែរថា “ចិនមានទម្លាប់មួយ គឺ និយាយតិចធ្វើច្រើន ដូច្នេះត្រង់ចំណុចនេះ គឺជាចំណុច ដែលយើងផ្ដល់ការគោរព ហើយចំណុចនេះ វាបានក្លាយទៅជាចំណុច ដែលយើងអាច នៅជាមួយគ្នា សាមគ្គីភាពជាមួយគ្នា ធ្វើការជាមួយគ្នា ក្នុងភាពយូរអង្វែង” ។

ចាប់តាំងពីពេលនោះមក យុគសម័យថ្មីនៃទំនាក់ទំនងរវាងកម្ពុជានិងចិន បានវិវឌ្ឍទៅមុខជាបន្ត បន្តាប់កាន់តែរឹងមាំ និងស្អិតរមួតឡើងៗ ក្រោមគោលការណ៍ ជ្រោមជ្រែងគ្នាទៅវិញទៅមក លើគ្រប់វិស័យដោយឈរ លើមាគ៌ាឈ្នះឈ្នះ ដែលចំណុចទាំងនេះហើយ បានធ្វើឱ្យប្រទេសកម្ពុជា យើងមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស ហើយជំនួយរបស់ចិន ក៏មានជាហូរហែរកាន់តែធំឡើងៗ ជាស្នូលនៃការអភិវឌ្ឍរបស់កម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុង ដំណាក់កាល ដែលកម្ពុជាកំពុងរងគ្រោះ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នេះ គឺចិនបានផ្ដោតយកចិត្តទុក ដាក់ខ្លាំងណាស់ ក្នុងការផ្ដល់ជំនួយ ជាសម្ភារៈនិងស្មារតី ជាពិសេសផ្ដល់ជំនួយវ៉ាក់សាំង ការពារចាក់ជូនប្រជាជនកម្ពុជាតែម្ដង ហើយបើធៀបទៅនឹង បណ្ដាប្រទេសធំៗ ដែលមានវ៉ាក់សាំងការពារ កូវីដ១៩ គឺមិនបាច់ថានិយាយ ដល់ជំនួយសូម្បីតែលទ្ធភាពលក់ ឱ្យយើងក៏មិនបានផង គឺគេទុកសម្រាប់តែចាក់ឱ្យ ប្រជាជនគេតែប៉ុណ្ណោះ ។ ត្រង់ចំណុចនេះ សម្តេចតេជោ បានបញ្ជាក់ថា “…សូម្បីតែវ៉ាក់សាំង ដែលខ្ញុំរកមកចាក់ជូនប្រជាពលរដ្ឋ ជាង២លាននាក់ បើគ្មានជំនួយពីចិន ក៏ដូចជាការផ្គត់ផ្គង់ពីចិនដោយការលក់ យើងខ្ញុំក៏គ្មានវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពីខូវ៉ាក់ ដែលបានផ្តល់ជាង ៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានហារមាត់បញ្ជូន ឬបញ្ជូនមកដល់កម្ពុជា ហើយឬនៅនូវវ៉ាក់សាំងសម្រាប់ការចាក់?»

ជារួមមកតាមរយៈទំនាក់ទំនងដ៏ស្មោះត្រង់ ជួយជ្រោមជ្រែងគ្នាដ៏ពិតប្រាកដ កិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែងលើគ្រប់វិស័យ កាយវិការដ៏មានមនុស្សធម៌ រួមទាំងជំនួយឥតព្រំដែន របស់ចិនទាំងនេះ ជា សក្ខីភាពបញ្ជាក់ថា កម្ពុជា លម្អៀងទៅរកចិនជារឿងធម្មតា ព្រោះថាខ្មែរ យើងមិនមានវប្បធម៌ដែលមិនឆ្លើយ តបទៅនឹងសេចក្ដីល្អរបស់អ្នកដទៃនោះឡើយ គឺវប្បធម៌ដឹងគុណ ជាអត្តសញ្ញាណរបស់ជាតិខ្មែរយើងជា ដរាប។ យើងអាចនិយាយជារួមបានថា វាជារឿងចម្លែកណាស់បើកម្ពុជាមិនលម្អៀង ទៅចិននោះ ។ ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបណ្តាប្រទេសនានា គួរពិនិត្យឡើងវិញ លើគោលនយោបាយ ការបរទេសរបស់កម្ពុជា ហើយគេគួរមានឥរិយាបថយ៉ាងណាចំពោះកម្ពុជា ទើបកម្ពុជាទទួលយក ៕

ដោយ ប៉ាង រតនា មន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top