ព័ត៌មានជាតិ

ដាក់បញ្ចូលតម្លៃ សេវាទឹកកខ្វក់ ក្នុងវិក្កយបត្រទឹកស្អាត នឹងធានានិរន្តរភាព នៃការវិនិយោគ

ភ្នំពេញ ៖ លោក កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួ លគម្រោង បានឱ្យដឹងថា ការដាក់បញ្ចូលតម្លៃ សេវាទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយ នឹងរួមចំណែក ដល់ការធានាបាន នូវនិរន្តរភាព នៃការវិនិយោគ លើវិស័យទឹកកខ្វក់នេះ។

ក្នុងកិច្ចប្រជុំបូកសរុបស្តីពី បេសកកម្មគាំទ្រ ដល់ការងារអនុវត្តគម្រោង លើកទី៤ នៃគម្រោងលើកកម្ពស់ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន សម្បទានរបស់ ធនាគារពិភពលោក នាពេលថ្មីៗនេះ លោក កឹម បូរី បានថ្លែងថា «ការដាក់បញ្ចូល តម្លៃសេវាទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយ ដែលនឹងរួមចំណែក ដល់ការធានា បាននូវនិរន្តរ ភាពនៃការវិនិយោគ លើវិស័យនេះ»។

សូមជម្រាបថា កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សាលទ្ធផលពាក់ព័ន្ធទៅនឹងការងារបច្ចេកទេស កិច្ចលទ្ធកម្ម កិច្ចការហិរញ្ញវត្ថុ កិច្ចគាំពារបរិស្ថាននិងសង្គម ដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំង ជំរុញការអនុវត្តនូវសកម្មភាពការងារ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅតាមផែនការ ដែលគ្រោងទុក ដូចដែលក្រុមការងារគម្រោងបានពិភាក្សាគ្នាយ៉ាងលម្អិត ក្នុងអំឡុងបេសកកម្មគាំទ្រការងារ អនុវត្តគម្រោងលើកទី៤។

ជាងនេះទៅទៀត អង្គប្រជុំ ក៏បានពិភាក្សា គិតគូរអំពីយុទ្ធសាស្ត្រ និងយន្តការក្នុងការ ស្រង់ថ្លៃដើម ការកំណត់ និងការប្រមូលថ្លៃសេវា ប្រើប្រាស់ប្រព័ន្ធលូនិងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងគោលបំណងដើម្បីធានា ទ្រទ្រង់លើការវិនិយោគក្នុងវិស័យនេះ និង/ឬ ប្រតិបត្តិការនិងថែទាំ ប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយសមធម៌ និរន្តរភាព ជាពិសេសក្នុងគោលបំណង ចូលរួមថែរក្សាអនាម័យ សុខភាពសាធារណៈ ព្រមទាំងលើកកំពស់ សោភ័ណភាព និង កែលម្អបរិស្ថានធម្មជាតិ ៕

To Top