ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ត្អូញត្អែរពីការខ្វះខាតកម្លាំង មធ្យោបាយ ថវិកា និងសម្ភារក្នុងការចុះបង្រ្កាបបទល្មើស កាប់ទន្ទ្រានដីព្រៃលិចទឹក

ភ្នំពេញ៖ ស្របពេលដែលព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងបណ្ដាស្រុកផ្សេងៗទៀតក្នុងមូលដ្ឋាន ខេត្តបាត់ដំបង រាប់ម៉ឺនហិកតា កំពុងរងការកាប់បំផ្លាញ ឥតឈប់ឈរទាំងរដូវប្រាំង និងរដូវវស្សា ពីសំណាក់ជនខិលខូច ជាបន្តបន្ទាប់នោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានបង្ហាញ ភាពត្អូញត្អែរពីការខ្វះខាតកម្លាំង មធ្យោបាយ ថវិកា និងសម្ភារក្នុងការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះ។

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹង ទប់ស្កាត់ និងបង្រ្កាប ការទន្ទ្រានដីរដ្ឋខុសច្បាប់ ភូមិសាស្រ្ដខេត្តបាត់ដំបង ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការទប់ស្កាត់ បង្ក្រាប ការទន្ទ្រានដីរដ្ឋ ជាពិសេសដីព្រៃលិចទឹក ដែលមានជនឆ្លៀតឱកាសមួយចំនួន បានរំលោភបំពានយកហើយរដ្ឋបាលខេត្ត ក៏បានចេញនូវសេចក្ដីជូនដំណឹង អប់រំផ្សព្វផ្សាយ ដើម្បីធ្វើការហាមឃាត់ប្រជាពលរដ្ឋ ដែលរំលោភបំពានដីរដ្ឋផងដែរ ហើយក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏បានបង្កើតទីបញ្ជាការស្រាលប្រចាំការ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងបានកសាងសំណុំរឿងជនល្មើស បញ្ជូនទៅតុលាការមួយចំនួនផងដែរ ។

លោកអភិបាលខេត្តបានបន្តទៀតថា “រាល់ការបង្រ្កាបបទល្មើសទាំងអស់នេះ រដ្ឋបាលខេត្តក៏មានការលំបាក និងជួបបញ្ហាប្រឈមមួយចំនួនទៀត ដោយសារទីតាំងដីព្រៃលិចទឹក និងដែននេសាទមានទំហំធំ ហើយមន្រ្ដីមានចំនួនតិច ខ្វះខាតធនធានមធ្យោបាយ ថវិកា និងសម្ភារៈក្នុងការចុះទប់ស្កាត់ជាដើមផងដែរ”។

ប្រវត្តិរឿង៖ ព្រៃលិចទឹក ក្នុងស្រុកមោងឫស្សី រាប់ពាន់ហិកតា បន្តរងការកាប់ទន្ទ្រាន ឥតឈប់ឈរ ពីសំណាក់ជនខិលខូច ខណៈវិធានការបង្រ្កាប របស់អាជ្ញាធរ ខេត្តបាត់ដំបង ហាក់គ្មានប្រសិទ្ធភាព

បាត់ដំបង៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់ពាន់ហិកតា កំពុងរងការកាប់បំផ្លាញឥតឈប់ឈរ ទាំងរដូវប្រាំង និងរដូវវស្សា ពីសំណាក់ជនខិលខូច ជាបន្តបន្ទាប់ ខណៈលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ហាក់គ្មានវិធានការ ទប់ស្កាត់និង ចុះបង្រ្កាបសោះឡើយ ។

ពលរដ្ឋរស់នៅជិតតំបន់ព្រៃលិចទឹក កំពុងរងការកាប់ទន្ទ្រាន ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី បានលើកឡើងថា ព្រៃលិចទឹកជាច្រើនចំណុច ត្រូវជនខិលខូចមួយចំនួន បានប្រើប្រាស់គ្រឿងចក្រ ត្រាក់ទ័រ ធ្វើការឈូសឆាយ ជាហូរហែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាយប់មិនថាថ្ងៃ និងបានប្រើប្រាស់សកម្មភាព បំភាន់ភ្នែកអាជ្ញាធរ តាមរូបភាពផ្សេងៗ ។

ពលរដ្ឋបានបន្តថា ដោយរូបភាព បំភាន់ផ្នែកនោះ គឺពួកគេបានធ្វើការឈូសឆាយ ភ្ជួររាស់ដីព្រៃបណ្ដើរ ហើយធ្វើការ ព្រោះស្រូវបណ្ដើរ ធ្វើដូចជាខ្លួនបានអាស្រ័យផល លើដីនោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែការពិត គឺជាដីព្រៃថ្មី មិនធ្លាប់អាស្រ័យផលសោះ ។

ប្រភពបានបន្ថែមថា សម្រាប់ចំណុចត្រូវជនទាំងអស់នោះ កំពុងកាប់ទន្ទ្រានជាបន្តបន្ទាប់ មាននៅបឹងកំភ្លាញក្នុង បឹងកំភ្លាញក្រៅ អូរចុងតាចាន់ ខ្ទមតូច រាងអង្ក្រង បឹងបណ្ដែតគល់ បឹងទឹកល្អក់ បឹងទឹកថ្លាជាដើម ហើយតំបន់ទាំងនោះខ្លះស្ថិតក្នុងភូមិអង្គ្រង និងខ្លះនៅភូមិដូនទ្រី ។

ប្រភពដដែលបន្ថែមថាជនខិលខូច ដែលកំពុងកាប់ទន្ទ្រានដីព្រៃលិចទឹកនោះ ត្រូវបានគេស្គាល់ថាមានឈ្មោះ ឃឿត ជាអ្នកចាំទិញដីដែលបានឈូសឆាយរួច , ឈ្មោះ ដាង សាវ៉េត មន្រ្តីយោធាស្រុក , ឈ្មោះ សែម បូរ ប្រធានសហគមន៍ដូនទ្រី , ឈ្មោះ អ៊ី សេងហុង មន្រ្តីយោធាភូមិភាគ៥, ឈ្មោះ ម៉ូត ឌី ,ម៉ូត ស្រី, ម៉ូត ឆើត , ឈ្មោះ ចៀវ , ឈ្មោះ ឈុំ រៀន ជាប្រជាពលរដ្ឋរស់នៅភូមិដូនទ្រី និងមានមន្រ្តី សាលាស្រុកមោង មន្រ្តីប៉េអឹមស្រុក និងយោធាស្រុក មួយចំនួនទៀតផងដែរ ។

តាមប្រភពពីមន្ត្រីសាលាស្រុកមោងឫស្សី បានឲ្យដឹងថា ចំពោះបញ្ហាការកាប់ទន្ទ្រាន នៅភូមិសាស្ត្រឃុំជ្រៃនេះ ពិតជាបានកើតឡើងមែន ដោយពេលខ្លះអាជ្ញាធរ ក៏ចាប់គ្រឿងចក្រ ដែលកំពុងឈូសឆាយ បានជាបន្តបន្ទាប់ និងបានបញ្ជូនទៅតុលាការផងដែរ ។

បើតាមរបាយការណ៍របស់ លោក ទេព ហន អភិបាលស្រុកមោងឫស្សី ផ្ញើជូនអភិបាលខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២០ បានបញ្ជាក់ថា ដីព្រៃលិចទឹកក្នុងតំបន់៣ ក្នុងមូលដ្ឋានស្រុកមោងឫស្សីមានជាង២ពាន់ហិកតា ត្រូវបានជនខិលខូចទន្ទ្រានកាន់ ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា កន្លងទៅលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បញ្ហានៅមានការលួចកាប់ ទន្ទ្រាននេះ ដោយសារមានភាព មិនច្បាស់លាស់ ដូចជាមានការដាំបង្គោល នៅរង្វើលឆ្ងាយៗ ខណៈខេត្តបាត់ដំបង មានដីព្រៃលិចទឹកប្រមាណ ៤០គីឡូម៉ែត្រ ដាំបង្គោលបានតែជាង ១០០ដើម ដោយបញ្ហានេះហើយ ទើបពលរដ្ឋឆ្លៀតឱកាសកាប់ឈូសឆាយ ព្រៃយកដីធ្វើស្រែ ។

លោកបន្តថា ចំពោះការទប់ស្កាត់នេះ សម្រាប់អាជ្ញាធរខេត្តមានអំណាច បានត្រឹមយន្តការអប់រំ និងការសម្រេចយ៉ាងណា លើក្រសួងស្ថាប័នជំនាញ ហើយបញ្ហាមួយទៀត មានករណីខ្លះដីដែលកាប់ទន្ទ្រានរួចហើយនោះ ពលរដ្ឋសុំអាស្រ័យផលបន្ត ពេលរដ្ឋត្រូវការពេលណា អាចដកហូតបានពេលនោះ ។

ពាក់ព័ន្ធបញ្ហាប្រជាពលរដ្ឋ សូមស្នើទៅកាន់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទមេត្តាចុះពិនិត្យមើល និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាផង ព្រោះរាល់ថ្ងៃនេះ តំបន់ព្រៃលិចទឹកមួយ ភាគធំមានតែឈ្មោះប៉ុន្តែគ្មានរូបរាងឡើយ។

គួរបញ្ជាក់ថា ការលួចកាប់ទន្ទ្រានដី កាន់កាប់ព្រៃលិចទឹកក្នុងមូលដ្ឋាន ខេត្តបាត់ដំបង នេះមិនមែនកើតមានតែ នៅស្រុកមោងឫស្សីនោះទេ គឺកើតឡើងនៅស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោលផងដែរ ៕

To Top