ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះកម្ពុជានៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ច្រើន ជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ៣១ ឧសភា។
លោកស្រីបញ្ជាក់ទៀតថា “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃនៅតែច្រើន ហើយក្នុងចំនួននេះ យើងក៏មិនបានដឹងថា ប្រជាពលរដ្ឋណាខ្លះបានធ្វើដំណើរ ចល័តទៅទីកន្លែងណាខ្លះទៀត” ។
លោកស្រីបន្ត បច្ចុប្បន្នការឆ្លងរាលដាលជំងឺកូវីដ១៩ បានធ្វើដំណើរទៅដល់បណ្តាខេត្តរួចទៅហើយ។ លោកស្រីថា ដូច្នេះតួលេខនៃអ្នកឆ្លងជារឿងសំខាន់ សម្រាប់ប្រជាពលរដ្ឋដែលត្រូវបន្ត អនុវត្តវិធានការសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៩០នាក់ទៀត និងជាសះស្បើយចំនួន ៤៤៨នាក់ ព្រមទាំងស្លាប់៥នាក់ ។ បើគិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣០០៩៤នាក់ អ្នកជាសះស្បើយចំនួន ២២៦៣៦នាក់ និងអ្នកស្លាប់ចំនួន ២១៤នាក់ ៕