ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។
តាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នាពេលថ្មីៗនេះ បានឲ្យដឹងថា ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវ ប័ណ្ណសម្គាល់ការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាតារកម្ពុជា សាធារណៈ ភីអ៊ិលស៊ី ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអ៊ិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬនៅតាមធនាគារ ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច ។
ដោយឡែក យានយន្ត ដែលជាកម្មសិទ្ធិ របស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេស របស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។
អគ្គនាយកដ្ឋានពន្ធដារបន្ដថា ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
អគ្គនាយកដ្ឋានពន្ធដារ លើកឡើងទៀតថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាស បង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ៕