នយោបាយ

វិភាគ ៖ ហុងកុង នឹងបោះចោល វ៉ាក់សាំង រាប់លានដូស ដោយសារពលរដ្ឋ មិនព្រមចាក់

បច្ចុប្បន្នភាព

ក្រុមអាជ្ញាធរ សុខាភិបាល របស់ទីក្រុងហុងកុង អាចនឹងបោះចោលវ៉ាក់សាំង បង្ការវីរុសCovid-19 រាប់លានដូស នៅពេលខាងមុខ ខណៈដែល វ៉ាក់សាំងទាំងនោះ បានផុតកាលកំណត់ កាលបរិច្ឆែទប្រើប្រាស់ ដោយសារប្រជាពលរដ្ឋ នៅទីក្រុងនេះមិនព្រមចាក់ ។

មូលហេតុសំខាន់ ដែលនាំអោយប្រជាពលរដ្ឋហុងកុង មិនព្រមចាក់វ៉ាក់សាំង បង្ការវីរុស Covid-19 គឺដោយសារតែក្រុមប្រឆាំង នៅក្នុងទីក្រុងនេះ បានបំផុសពាក្យញុះញង់ តាមប្រព័ន្ធផ្សព្វផ្សាយ ឬតាមប្រព័ន្ធបណ្តាញ សង្គមជាដើម អំពីផលអវិជ្ជមាន នៃវ៉ាក់សាំងនេះ ។

ក្រុមប្រឆាំង ឬក្រុមចលនាគាំទ្រ ប្រជាធិបតេយ្យ បានផ្សព្វផ្សាយព័ត៌មានមិនពិត ឬផ្សព្វ ផ្សាយបំផ្លើស ពីផលអវិជ្ជមាន ឬគ្រោះថ្នាក់ នានាពាក់ព័ន្ធ នឹងការចាក់វ៉ាក់សាំងនេះ ដែលធ្វើអោយប្រជាពលរដ្ឋ មានការយល់ច្រឡំយ៉ាងខ្លាំង ។

លោក Thomas Tsang អតីតមន្ត្រីមជ្ឈមណ្ឌលបង្ការជំងឺឆ្លង របស់ទីក្រុងហុងកុង បាននិយាយថា វាជារឿងអយុត្តិធម៌ណាស់ ដែលអាជ្ញាធរទីក្រុងហុងកុង បានស្វះស្វែងរកទិញវ៉ាក់សាំង បង្ការវីរុសCovid-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋ គ្រប់គ្រាន់ហើយ ប៉ុន្តែប្រជាពលរដ្ឋ នៅទីក្រុងនេះ បែរជាមិនព្រមចាក់ វ៉ាក់សាំងនេះទៅវិញ ។

លោក Thomas Tsang បានបន្ថែមថា ហុងកុងមានវ៉ាក់សាំងបង្ការវីរុសCovid-19 គ្រប់គ្រាន់សម្រាប់ចាក់ជូន ប្រជាពលរដ្ឋសរុប ប្រមាណជាង៧លាន ៥សែននាក់ ប៉ុន្តែប្រជាពលរដ្ឋនៅទីក្រុងនេះ មិនព្រមចាក់ ដែលធ្វើអោយខូច វ៉ាក់សាំងចោលទទេទៅវិញ ។

ប្រទេសជាច្រើន នៅលើពិភពលោក ខិតខំប្រឹងប្រែងរកទិញ វ៉ាក់សាំងបង្ការវីរុស Covid-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋ របស់ខ្លួន ប៉ុន្តែប្រទេសខ្លះ មិនអាចទិញវ៉ាក់សាំង ពីក្រុមហ៊ុននានា ទៅតាមការចង់ បាននោះទេ ដែលក្រុមហ៊ុនបានសម្រេចចិត្ត លក់ជូនក្នុងកម្រិតតិចតួចមិនអាចបំពេញ តម្រូវការក្នុងស្រុកបាន ប៉ុន្តែទីក្រុងហុងកុង អាចបោះចោល វ៉ាក់សាំងទៅវិញ ។

ទីក្រុងហុងកុង មានចំនួនប្រជាជន សរុបប្រមាណជាង ៧លាន ៥សែននាក់ គិតត្រឹមឆ្នាំ២០២០ ហើយខណៈដែលវីរុស Covid-19 បានផ្ទុះឡើងនៅទីក្រុងនេះ និងនៅលើពិភពលោក ប្រមុខដឹកនាំរបស់ទីក្រុងនេះ បានស្វះស្វែងរកទិញវ៉ាក់សាំង បង្ការវីរុសCovid-19 ពីក្រុមហ៊ុននានា ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ។

ហុងកុង បានបញ្ជាទិញវ៉ាក់សាំងបង្ការវីរុសCovid-19 របស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech ប្រមាណ៧លាន ៥សែនដូស បានបញ្ជាទិញវ៉ាក់សាំង របស់ក្រុមហ៊ុនចិន Sinovac ប្រមាណជាង៧លានដូស និងបានបញ្ជាទិញ វ៉ាក់សាំង របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ប្រមាណ ៧លាន ៥សែនដូសផងដែរ ។

ការបញ្ជាទិញវ៉ាក់សាំង បង្ការវីរុសCovid-19 របស់ទីក្រុងហុងកុង គឺមានបរិមាណលើសពីចំនួនប្រជាជន ដែលខ្លួនមានទៅទៀត ប៉ុន្តែប្រមុខដឹកនាំ របស់ទីក្រុងនេះ បានលុបចោលកិច្ចសន្យាបញ្ជា ទិញវ៉ាក់សាំង របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ទៅវិញ បន្ទាប់ពីមានព័ត៌មាន អវិជ្ជមានច្រើនពាក់ព័ន្ធ នឹងសុវត្ថិភាពរបស់វ៉ាក់សាំងនេះ ។

លោក Thomas Tsang បានបញ្ជាក់ថា ក្នុងចំណោមប្រជាជន សរុបនៅទីក្រុងហុងកុង ប្រមាណជាង៧លាន ៥សែននាក់ គឺមានប្រជាជនតែ ១៩%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំង ដូសទី១ និង១៤%ផ្សេងទៀត បានចាក់វ៉ាក់សាំង រួចរាល់ ខណៈដែលទីក្រុងនេះ មានបរិមាណវ៉ាក់សាំង បង្ការវីរុសCovid-19 លើសចំនួនប្រជាជន សរុបទៅទៀត ។

មេដឹកនាំរបស់ប្រទេសនានា នៅទូទាំងពិភពលោក បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការ ទិញវ៉ាក់សាំង បង្ការវីរុស Covid-19 ដើម្បីចាក់ជូនប្រជាពលរដ្ឋ របស់ខ្លួន ក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាល វីរុសផ្លូវដង្ហើមមួយនេះ ប៉ុន្តែប្រទេសខ្លះ មិនអាចទិញបានក្នុងបរិមាណ ដែលខ្លួនត្រូវការនោះទេ ដោយសារវ៉ាក់សាំងមានកំណត់ ។

តម្រូវការវ៉ាក់សាំងបង្ការវីរុសCovid-19 នៅប្រទេសនានា លើពិភពលោក នៅតែមានកំណើនខ្ពស់ នៅឡើយរហូត ដល់ពេលបច្ចុប្បន្ននេះ ដោយប្រជាពលរដ្ឋស្ទើរគ្រប់រូប មានបំណងចង់ចាក់វ៉ាក់សាំងនេះ ប៉ុន្តែប្រជាពលរដ្ឋ នៅទីក្រុងហុងកុង បែរជាមិនចាក់ទៅវិញ ។

ដើមចមនាំអោយកើតរឿង

វិទ្យុ RTHK បានផ្សព្វផ្សាយថា ដើមចមដែលនាំអោយ ប្រជាពលរដ្ឋ នៅទីក្រុងហុងកុង មិនព្រមចាក់វ៉ាក់សាំង បង្ការវីរុសCovid-19 ដោយសារ ប្រជាពលរដ្ឋ នៅទីក្រុងនេះ ជឿតាមការញុះញង់ របស់ក្រុមចលនាគាំទ្រប្រជាធិបតេយ្យ ដែលបាននិយាយឃោសនា តាមប្រព័ន្ធបណ្តាញ សង្គមអំពីផលអវិជ្ជមាន ក្រោយពីចាក់វ៉ាក់សាំងនេះ ។

ក្នុងរយៈពេលជាង២ឆ្នាំ ក្រោយពីផ្ទុះក្បួនបាតុកម្មប្រឆាំង របបដឹកនាំទីក្រុងហុងកុង ប្រជាពលរដ្ឋនៅទីក្រុងនេះ ហាក់ដូចជាលែងមានទំនុកចិត្ត លើមេដឹកនាំរបស់ខ្លួន ដោយប្រជាពលរដ្ឋមួយចំនួន បាននិយាយថា មេដឹកនាំទីក្រុងហុងកុង បានធ្វើការងារបម្រើ តែប្រទេសចិនប៉ុណ្ណោះ ដោយមិនគិតគូរពីប្រជាពលរដ្ឋរបស់ខ្លួននោះទេ ។

បើតាមមន្ត្រីសុខាភិបាល របស់ទីក្រុងហុងកុង បាននិយាយថា វ៉ាក់សាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុន អាមេរិក Pfizer-BioNTech និងក្រុមហ៊ុនចិន Sinovac រាប់លានដូសដំបូង នឹងផុតកំណត់ការប្រើប្រាស់ នៅក្នុងរយៈពេល៣ខែខាងមុខនេះ ហើយវ៉ាក់សាំង រាប់លានដូសនោះ នឹងត្រូវយកទៅ បោះចោលអសារឥតការ ។

នៅដំណាចខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំង បង្ការវីរុស Covid-19 របស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech និងក្រុមហ៊ុនចិន Sinovac រាប់លានដូសដំបូង នឹងត្រូវផុតកំណត់ ការប្រើប្រាស់ ហើយវ៉ាក់សាំងទាំងនោះ នឹងត្រូវយកទៅបោះចោល ហើយទីតាំងចាក់វ៉ាក់សាំង បង្ការវីរុសCovid-19 ទាំងអស់នៅទីក្រុងនេះ ក៏ត្រូវបិទទ្វារផងដែរ ៕
ដោយ ៖ អ៊ី ជិន

To Top