ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោកស្រី Wendy R. Sherman អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានស្នើទៅកាន់រដ្ឋបាល លោក ចូ បៃដិន ឱ្យពិចារណាលើបំណុល ដែលកម្ពុជាជំពាក់សហរដ្ឋអាមរិក ក្នុងទសវត្សរ៏៧០ ។
ការលើកសំណើរជា ផ្លូវការនេះ ក្នុងឱកាស លោកស្រី Wendy R. Sherman អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បំពេញទស្សនកិច្ច នៅកម្ពុជា ជាលើកដំបូងក្នុងរដ្ឋកាលលោក ចូ បៃដិន។
សូមបញ្ជាក់ថា យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោន ក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគរហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់។
នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រី Wendy R. Sherman បានជម្រាបជូន សម្តេចតេជោថា ដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ លោកប្រធានាធិបតី Joe Biden គោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ក៏បានបន្ថែមថា នេះគឺជាបំណងរបស់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗ មានភាពល្អប្រសើរ សម្រាប់ប្រទេសទាំងពីរ។
លោកស្រី ក៏បានសម្ដែងនូវការពេញចិត្តចំពោះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមក លើវិស័យជាច្រើនជាពិសេស លើការរុករកអដ្ឋិធាតុ ទាហានអាមេរិក ដែលបាត់ខ្លួន នៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាអនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់នៅលើនាវា ដោយប្រទេសដទៃទៀត មិនអនុញ្ញាតឱ្យចុះចត ដោយសារបញ្ហាជំងឺកូវីដ១៩នោះ។
លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចតេជោ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគ របស់សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះអ្វីដែលលោកស្រី បានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិក បានចូលរួមចំណែកជួយ ដល់កម្ពុជា រួមមានការចូលរួមចំណែក ក្នុងការស្វែងរក សន្តិភាពនៅកម្ពុជា ការចូលរួមចំណែក អភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែក របស់សហរដ្ឋអាមេរិក ជួយដល់កម្ពុជា ដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធឆាំងជំងឺរាតត្បាតកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះផងដែរសម្ដេចតេជោ ក៏បានសំដែងនូវការអបអរសាទរ ជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យដែលជាការឆ្លុះបញ្ចាំង រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺមានការចុះថយនៃការរីករាយកណ្ដាល ឆ្លងជម្ងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គួរជាទីកត់សម្គាល់ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ លោកស្រីអនុរដ្ឋមន្រ្តី ផងដែរ ក្នុងឱកាសដែលលោកស្រី Wendy R. Sherman បានអញ្ជើញបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានាពេលនេះ ជាពិសេសអ្វីដែលលោកស្រី បានលើកឡើង ដូចជាការដោះស្រាយបំណុល
សម្ដេចតេជោបានស្នើឲ្យ សហរដ្ឋអាមេរិក ជាពិសេស លោកប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖
ទី១) អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីឡើងវិញបន្តិចម្ដងៗ
ទី២) សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និង
ទី៣) បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
លើសពីនេះទៅទៀតសម្ដេចតេជោ ក៏សូមស្នើឲ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ លើការបញ្ជូនជនជាតិកម្ពុជា ពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ។
ជាការឆ្លើយតប លោកស្រីក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកស្រីនឹងជម្រាបជូនលោកប្រធានាធិបតី Joe Biden ៕