ព័ត៌មានជាតិ

គម្រោង​ សាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៥១ហើយ

ភ្នំពេញ ៖ គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។

តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ចំពោះការដោះស្រាយផល ប៉ះពាល់ ក្នុងការសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែង ធ្វើការដោះស្រាយបញ្ហា ដែលនៅសេសសល់ ឱ្យបានរួចរាល់ ក្នុងពេលឆាប់ៗនេះ ។

គួរកត់សម្គាល់ថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការ ប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូ ជំនះនូវស្ថានភាព ដ៏លំបាកនេះបាន ។

សូមជម្រាបជូនថា គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកា សាងសង់សរុបប្រមាណ ២.០០០លានដុល្លារ អាមេរិក ជាទុនវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ។ ទទឹងតួផ្លូវសរុប នៃគម្រោងខាងលើនឹងត្រូវសាងសង់ រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ៕

To Top