ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ឆ្លងរីករាលដាលកូវីដ-១៩ នាពេលនេះ គឺប្រជាពលរដ្ឋត្រូវការបំផុតសិទ្ធិរស់រានមានជីវិត និងប្រជាធិបតេយ្យបែបសមូហភាពនិយម មិនមែនតាមបែបប្រជាធិបតេយ្យអាត្មានិយមឡើយ។
ក្នុងកម្មវិធីសំឡេងការពិតដើម្បីប្រជាជននាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «តើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបណាដែលពលរដ្ឋត្រូវការក្នុងពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ ដូចជា ការឆ្លងរាលដាលកូវីដ-១៩ នាពេលនេះជាដើម» លោក ជិន ម៉ាលីន បានបញ្ជាក់ថា «សិទ្ធិដែលយើងត្រូវការជាចំបង ក្នុងស្ថានភាពគ្រោះថ្នាក់ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិរស់រានមានជីវិតនេះមានសំខាន់ណាស់ បើជីវិតទទួលការគំរាមគំហែងហើយ ជីវិតរបស់យើងថែរក្សាមិនបានហើយ យើងមិនបាច់និយាយសិទ្ធិសេរីភាពដទៃនោះទេ»។
លោកបន្ដថា ប្រទេសជាតិកំពុងប្រឈមគ្រោះថ្នាក់ជាមួយជំងឺកូវីដ-១៩ សិទ្ធិដែលចំបងជាងគេបំផុតនោះ ត្រូវការពារសិទ្ធិរស់រានមានជីវិត។ លោកថា ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសនោះ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣១,៤៦០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន២៤,០៤២នាក់ និងអ្នកស្លាប់ ចំនួន២៣០នាក់៕