ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២១នេះ អ្នកចិញ្ចឹមត្រីដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជាលក់ត្រីចេញមិនដល់២០ភាគរយ ពោលត្រី១ម៉ឺនតោនលក់ចេញ មិនដល់២ពាន់តោន ខណៈតម្លៃលក់មិនទាន់បានរួចថ្លៃដើមផលិតនៅឡើយ ជាហេតុធ្វើឲ្យជួបហានិភ័យ ហើយត្រូវបង្ខំចិត្តផ្អាកចិញ្ចឹមដើម្បីយកថវិកាពីការលក់ត្រីសងធនាគារ ។
អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាថ្លែងថា អ្នកចិញ្ចឹមត្រីកំពុងជួបហានិភ័យដោយសារត្រីនាំចូលពីវៀតណាមនៅតែមានចំនួនច្រើនផង និងពេលកំពុងជួបវិបត្តិកូវីដ១៩ផងមិនមានអ្នកមកទិញត្រីដើម្បីយកទៅធ្វើម្ហូបក្នុងពិធីរៀបការ និងកម្មវិធីផ្សេង ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមវារីវប្បករនៅកម្ពុជានាថ្ងៃ២ មិថុនា បានឲ្យដឹងថា ក្នុងចំណោមលក់ត្រីចេញមិនដល់២០ភាគរយសម្រាប់ខែឧសភានេះ គឺរាប់ទាំងត្រីដែលនៅសល់ក្នុងខែមេសា និងត្រីល្មមចាប់លក់ក្នុងខែឧសភា។
ស្របពេលស្ថានភាពតម្រូវការត្រីនៅលើទីផ្សារក្នុងប្រទេសធ្លាក់ចុះ សមាគមវារីវប្បករនៅកម្ពុជា សង្កេតឃើញថា ការនាំចូលត្រីពីក្រៅប្រទេសហាក់មានបរិមាណច្រើនដដែល ធ្វើឲ្យប៉ះពាល់ដល់ផលិតផលត្រីក្នុងស្រុកជាខ្លាំង។
លិខិតរបស់សមាគមវារីវប្បករនៅកម្ពុជាបន្តថា “ការលក់ត្រីចេញមិនដល់២០ភាគរយបានធ្វើឲ្យវារីវប្បកម្មនៅកម្ពុជាកំពុងតែជួបហានិភ័យគួរឲ្យបារម្ភ ក្នុងដំណាក់កាលនេះ”។
សម្រាប់លោក ឡែមផូរ វរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាបានថ្លែងឲ្យដែរថា ត្រីប្រមូលបានសម្រាប់ខែឧសភាមានចំនួន១ម៉ឺនតោន ប៉ុន្តែលក់បានតែជិត២ពាន់តោនប៉ុណ្ណោះ។ ចំណុចនេះធ្វើឲ្យទីផ្សារត្រីក្នុងស្រុកធ្លាក់ចុះដោយសារបញ្ហាកូវីដ១៩ធ្វើឲ្យកម្មវិធីរៀបអាពាហ៍ពិពាហ៍ បុណ្យនិងកម្មវិធីផ្សេងៗមិនអាចរៀបចំ ទើបគ្មានអ្នកមកទិញត្រី។
លោកថា ម្យ៉ាងទីផ្សារត្រីតូចហើយមានការនាំចូលត្រីពីវៀតណាមថែមទៀតធ្វើឲ្យកសិករពិបាកលក់ចេញ ជាពិសេសត្រីវៀតណាមមានតម្លៃថោកជាងត្រីចិញ្ចឹមក្នុងស្រុក។ ដោយសារទីផ្សារត្រីពិបាក លក់ដូរបានធ្វើឲ្យអ្នកចិញ្ចឹមត្រីលក្ខណៈតូចផ្អាកចិញ្ចឹម ហើយចំពោះអ្នកចិញ្ចឹមត្រីស្រះធំៗវិញ ក៏បានកាត់បន្ថយការចិញ្ចឹមផងដែរ ដើម្បីដោះដូរលក់ត្រីយកលុយសងធនាគារ។
លោកបន្តថា ជាធម្មតាអ្នកដែលចង់ចិញ្ចឹមត្រីត្រូវមានដើមទុនពី៥ពាន់ដុល្លារទៅ៣ម៉ឺនដុល្លារ ដែលភាគច្រើនអ្នកចិញ្ចឹមត្រីបានខ្ចីលុយពីធនាគារ ។
ជាមួយគ្នានេះ សមាគមវារីវប្បករនៅកម្ពុជា អំពាវនាវឲ្យក្រសួងពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មជួយស្វែងរកដំណោះស្រាយឲ្យបានកាន់តែឆាប់ និងដាក់ចេញវិធានការណ៍ជាក់ស្តែង ដោះសា្រយបញ្ហាកកស្ទះត្រីក្នុងស្រះ នាពេលបច្ចុប្បន្ន ៕