ភ្នំពេញ ៖ ប្តីប្រពន្ធវ័យចំណាស់មួយគូរត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ឃាត់ខ្លួន ក្រោយសង្ស័យពាក់ព័ន្ធករណីផលិតស្រាស មានសារជាតិពុល ដែលបណ្តាលមនុស្សប្រុស-ស្រី៩នាក់ ស្លាប់ជាបន្តបន្ទាប់ នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកស្លាប់ទាំង៩នាក់នេះកើតនៅភូមិចំនួន៣គឺ ភូមិសានសរ ភូមិថ្គោលធំ និងភូមិកំពង់ថ្គោល ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
បើតាមការបំភ្លឺរបស់ ឈ្មោះ តាវ សុគា ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងឈ្មោះ សឿង រស់ ភេទស្រីអាយុ ៥០ឆ្នាំ ព្រមទាំងឈ្មោះ ស្រី សារ៉ា ភេទស្រី អាយុ៤១ឆ្នាំ ពួកគាត់បានទិញស្រាស ពីឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មកលក់បន្តជាប្រចាំ ខណៈដឹងរឿងហេតុថាមានអ្នកពុលស្រាស្លាប់ ឈ្មោះ ទ្រី វណ្ណា បានជិះម៉ូតូ និងតេទូរស័ព្ទប្រាប់ឲ្យពួកគាត់ ចាក់ស្រាសចោលទៅ ហើយឈ្មោះ ទ្រី វណ្ណា នឹងជួយចេញសោហ៊ុយខាតឲ្យវិញ ។
បើតាមការបំភ្លីរបស់ ឈ្មោះ មិទ្ធិ ចាន់កញ្ញា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្គោលធំ ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រយៈកាលកន្លងមក ម្តាយក្មេកខ្លួនឈ្មោះ ខេន សុខគា បានទិញស្រាស ពីឈ្មោះទ្រី វណ្ណា ។ ជារៀងរាល់ថ្ងៃម្តាយក្មេកខ្លួនបានហូបស្រាទិញពីឈ្មោះទ្រី វណ្ណា ដោយក្នុងមួយថ្ងៃ ហូប១កូនកែវ ឬ២កូនកែវ ហើយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង៧ព្រឹក ស្រាប់តែមានអាការៈវិលមុខ និងងងឹតភ្នែកក៏បញ្ជូនគាត់ទៅមន្ទីពេទ្យបង្អែកស្រុកក្រគរ ហើយក៏ បន្តបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ លុះដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត ពេទ្យបានប្រាប់ថា គាត់ឡើងសំពាធឈាមដាច់សរសៃខួរក្បាល ស្លាប់បាត់ហើយ។
ចំណែកឈ្មោះ ហ៊ុល សុខជា ភេទស្រី និងឈ្មោះ ប៉ុល កាន ភេទស្រី គាត់បានហូបស្រាជាមួយម្តាយក្មេកខ្លួនដែរបន្ទាប់មកពីធ្វើការរោងចក្រ ហើយគាត់ទាំង២នាក់នេះមុនពេលស្លាប់ក៏មានអាការៈដូចម្តាយក្មេកខ្លួនដែរ ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន និងក្តាប់បានមុខសញ្ញាជនសង្ស័យ ករណីមនុស្សស្លាប់ដោយពិសារស្រាសនេះ ព្រមទាំងមានការបញ្ជាពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង ៣៤នាទី សមត្ថកិច្ចជំនាញបានចុះឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ យកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវ ។
ជនសង្ស័យទាំងពីរនាក់ ទី១ ឈ្មោះ ស៊ុយ គឹមទៀង ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជាលក់ស្រា ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ កសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕