ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តគាំទ្រដល់ការ អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ប្រកបដោយនិរន្តរភាព នៅកម្ពុជា ទាំងក្នុងអំឡុងនិងក្រោយពេល នៃជំងឺកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកអគ្គរាជទូតរង លោក Luke Arnold រីករាយដែលបានចូលរួមជាមួយ លោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ចកម្ពុជា និងវាគ្មិនមួយចំនួនទៀត នៅក្នុងសិក្ខាសាលាតាមអ៊ីនធឺណេត ស្ពីពី កម្មវិធីគាំពារសង្គមរបស់ប្រទេសកម្ពុជា ក្នុងកំឡុងពេល នៃការរីករាលដាល ជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាប្រមាណ ៣០០លានដុល្លារ ដើម្បីជួយដល់គ្រួសារក្រីក្របំផុតចំនួន ៧០០ ០០០ គ្រួសារ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ ខាងសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតនេះ។ ការគាំទ្ររបស់អូស្ត្រាលី តាមរយៈដៃគូដូចជា GIZ Cambodia និង UNDP Cambodia បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតប្រព័ន្ធផ្ទេរប្រាក់បន្ទាន់នេះ។

ដោយមើលឃើញពីអត្ថប្រយោជន៍សេដ្ឋកិច្ច សង្គម និងនយោបាយ នៃកម្មវិធីបែបនេះ សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Arnold បានមានប្រសាសន៍ថា « អូស្រ្តាលី នឹងបន្តគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គម ប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា ទាំងក្នុងអំឡុង និងក្រោយពេលនៃជំងឺរាតត្បាតនេះ»៕

